ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាល្លឺម៉ង់ មិនហ៊ានមាត់ក ជុំវិញការសម្រេចចិត្ត របស់អាមេរិក ក្នុងការផ្គត់ផ្គង់គ្រាប់បែក ចង្កោមឱ្យអ៊ុយក្រែន

ប្រភព ៖ AFP

បរទេស ៖ ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានប្រាប់សារព័ត៌មាន ZDF នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងមិនអាច និងមិនគួរជ្រៀតជ្រែកជាមួយការសម្រេចចិត្តដ៏ចម្រូងចម្រាស របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់ នៅក្នុងទ្វីបអឺរ៉ុប ភាគច្រើន ដល់អ៊ុយក្រែននោះទេ ទោះបីជាជំហររបស់លោក ស្ថិតក្នុងតួនាទីនាំមុខ ក្នុងការចុះហត្ថលេខា របស់ប្រទេសអាល្លឺម៉ង់ ចំពោះកិច្ចព្រមព្រៀង ដែលហាមឃាត់អាវុធទាំងនេះក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Steinmeier បានបញ្ជាក់ដោយពន្យល់ថា លោកបានចុះហត្ថលេខា លើអនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម ពេលកំពុងបម្រើការជា រដ្ឋមន្ត្រីការបរទេសក្នុងឆ្នាំ២០០៨ ថា “វាត្រឹមត្រូវណាស់ ដែលគ្រាប់បែកបែបនេះ ត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលសហព័ន្ធ នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយថាប្រទេសអាល្លឺម៉ង់ប្រឆាំងនឹងការផ្គត់ផ្គង់បែបនេះ” ។

ប្រធានាធិបតីអាល្លឺម៉ង់រូបនេះបន្តថា “ប៉ុន្តែនៅក្នុងស្ថានភាពបច្ចុប្បន្ន យើងមិនអាចរារាំងសហរដ្ឋអាមេរិកបានទេ” សូម្បីតែខណៈដែលទទូចថា “ជំហររបស់អាល្លឺម៉ង់ប្រឆាំងនឹង ការប្រើប្រាស់គ្រាប់បែកចង្កោម គឺសមហេតុផលដូច ដែលធ្លាប់មានក៏ដោយ” ។

ទង្វើដែលអាមេរិកប្រកាសកាលពី សប្តាហ៍មុនបានបង្កការព្រួយបារម្ភ សូម្បីតែក្នុងចំណោមសម្ព័ន្ធមិត្ត របស់អាមេរិកខ្លួនឯង, ប្រទេសកាណាដា ចក្រភពអង់គ្លេស អូទ្រីស និង អេស្បាញ បានចុះបញ្ជីការជំទាស់ របស់ពួកគេ ចំពោះសហរដ្ឋអាមេរិក ដែលបញ្ជូនអាវុធបែបនេះ ទៅអ៊ុយក្រែន ដោយលើកឡើងពីកំណត់ត្រា តាមដានអាវុធ ដែលគេស្គាល់ថា ធ្វើបាបជនស្លូតត្រង់ សូម្បីតែបន្ទាប់ពីសង្គ្រាមបានបញ្ចប់ក៏ដោយ។

ចំណែកសមាជិកសភា អាល្លឺម៉ង់ លោក Ralf Stenger សមាជិកនៃគណបក្ស SPD ដែលកំពុង កាន់អំណាច បានបង្ហោះសារប្រឆាំងរបស់លោក ចំពោះសហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវអាវុធដែលត្រូវបាន “ខុសច្បាប់ជាអន្តរជាតិ” កាលពីថ្ងៃសុក្រ។ លោកបានសរសេរថា អ្នកដែល “ធ្វើសកម្មភាពក្នុង នាមសណ្តាប់ធ្នាប់ និងតម្លៃអន្តរជាតិ គឺមិនផ្គត់ផ្គង់អាវុធបែបនេះទេ សូម្បីតែនៅអ៊ុយក្រែន” នៅក្នុងអ្វីដែលហាក់ ដូចជាការជីកកកាយ នៅវ៉ាស៊ីនតោន៕
ប្រែសម្រួលៈ ណៃ តុលា

To Top