បរទេស ៖ យោធាកូរ៉េខាងជើង បានចោទប្រកាន់ទៅលើមន្ទីរបញ្ចកោណថា បានធ្វើឱ្យភាពតានតឹង ដល់កម្រិតធ្ងន់ធ្ងរ និងជំរុញឱ្យតំបន់នេះខិត ទៅជិតគ្រោះមហន្តរាយនុយក្លេអ៊ែរ ដោយកូរ៉េខាងជើងព្រមានថា ការបង្កើតកំហុសណាមួយអាច នឹងនាំឱ្យមាន “គ្រោះថ្នាក់ដ៏គួរឱ្យតក់ស្លុត” , នេះបើយោងតាមសេចក្តីថ្លែងការណ៍ដ៏វែងមួយ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិទីក្រុងព្យុងយ៉ាងបានអះអាងថា ឧបទ្វីបកូរ៉េ គឺស្ថិតនៅលើគែមនៃ “ជម្លោះនុយក្លេអ៊ែរ ដោយសារសកម្មភាពយោធាបង្កហេតុរបស់សហរដ្ឋអាមេរិក” ដោយសំដៅលើផែនការ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរមកកូរ៉េខាងត្បូង លើមូលដ្ឋានវិលជុំ។
អ្នកនាំពាក្យយោធា ដែលមិនបញ្ចេញឈ្មោះមួយរូប ត្រូវបានដកស្រង់សម្តីថា “ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ឱ្យប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រទៅក្នុងឧបទ្វីបកូរ៉េ គឺជាការគំរាមកំហែងដោយនុយក្លេអ៊ែរ ដោយបើកចំហរបំផុតប្រឆាំង នឹងកូរ៉េខាងជើង និងប្រទេសជិតខាង និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងការប្រឈមមុខចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក” ។
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបន្តចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានបង្កើនសកម្មភាពចារកម្មរបស់ខ្លួនយ៉ាងខ្លាំង និងរំលោភលើដែន អាកាសរបស់កូរ៉េខាងជើងម្តង ហើយម្តងទៀត ដោយបន្ថែមថា សហរដ្ឋអាមេរិក “ប្រាកដជានឹងត្រូវបង់ថ្លៃខ្ពស់ សម្រាប់ចារកម្មដែនអាកាស បង្កហេតុរបស់ខ្លួនបែបនេះ”៕
ប្រែសម្រួលៈ ណៃ តុលា