បរទេស ៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃច័ន្ទបានចោទសហរដ្ឋអាមេរិកថា បានរំលោភលើដែនអាកាសរបស់ខ្លួន ដោយធ្វើការហោះហើរឈ្លបយកការណ៍ ហើយបានព្រមានថែមទៀតថា ខណៈដែលទីក្រុងព្យុងយ៉ាង កំពុងអនុវត្តការអត់ធ្មត់ នោះការហោះហើរបែបនេះ អាចនឹងត្រូវបាញ់ទម្លាក់។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារ សារព័ត៌មានរដ្ឋ KCNA ថា សកម្មភាពយោធាបង្កហេតុដោយសហរដ្ឋអាមេរិក កំពុងនាំឧបទ្វីបកូរ៉េ ខិតទៅជិតជម្លោះនុយក្លេអ៊ែរ ។
របាយការណ៍ក៏បានលើកឡើងពីការប្រើប្រាស់យន្តហោះឈ្លបយកការណ៍ និងយន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនភាពតានតឹង តាមរយៈការបញ្ជូននាវាមុជទឹក នុយក្លេអ៊ែរនៅជិតឧបទ្វីបនេះ ។
អ្នកនាំពាក្យបាននិយាយថា “មិនមានការធានា ចំពោះ ឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុត ដូចការធ្លាក់យន្តហោះឈ្លបយកការណ៍ យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក នឹងមិនកើតឡើងនោះទេ” នៅក្នុងដែនទឹកភាគខាងកើត នៃប្រទេសកូរ៉េ។
សេចក្តីថ្លែងការណ៍បានលើកឡើងពីឧប្បត្តិហេតុកាលពីអតីត កាលដែលកូរ៉េខាងជើង បាញ់ទម្លាក់ ឬស្ទាក់យន្តហោះអាមេរិកនៅព្រំដែនជាមួយកូរ៉េខាងត្បូង និងនៅឆ្នេរសមុទ្រ។ កូរ៉េខាងជើងតែងតែត្អូញត្អែរ អំពីជើងហោះហើរឃ្លាំមើល របស់អាមេរិកនៅក្បែរឧបទ្វីបផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា