ព័ត៌មានអន្តរជាតិ

ជប៉ុន មានអ្នកស្លាប់ និងរបួស៩នាក់ ក្រោយរងការវាយប្រហារដោយព្យុះភ្លៀង

រូបភាពពី៖​ KYODO

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ផ្នែកខ្លះ នៃតំបន់ភាគនិរតីនៃប្រទេសជប៉ុន បណ្តាលឱ្យមានគ្រោះបាក់ដី ហើយទឹកទន្លេបានកើនឡើង និងបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតប្រឈមនឹងសេចក្តីស្លាប់ និង៨នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណបានរងរបួស ។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា JMA បានចេញកម្រិតប្រកាសអាសន្នអំពីទឹកភ្លៀងខ្ពស់បំផុត របស់ខ្លួនជាលើកដំបូងនៅក្នុងឆ្នាំនេះ សម្រាប់ខេត្ត Fukuoka និងខេត្ត Oita ដែលនៅជិតខាងបានជំរុញឱ្យប្រជាជនចាត់វិធានការជាបន្ទាន់ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ ។

អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងថា ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់ បន្ទាប់រូបគាត់និងស្វាមីរបស់គាត់ត្រូវបានគេរកឃើញថា ជាប់នៅខាងក្នុងផ្ទះដែលពោរពេញទៅដោយល្បាប់ភក់ ដោយសារតែមានគ្រោះបាក់ដីនៅតំបន់ Soeda នៃក្រុង Fukuoka ហើយបុរសជាប្តីគឺអាយុ៧៤ឆ្នាំ តែគាត់មានសុវត្ថិភាព ។

អាជ្ញាធរនៅក្នុងតំបន់បានឱ្យដឹងថា នៅទីក្រុង Karatsu ខេត្ត Saga គ្រោះបាក់ដីបានវាយប្រហារមកលើផ្ទះចំនួន២ខ្នង ។ ស្ត្រីម្នាក់ត្រូវបានរកឃើញដោយក្រុមអ្នកជួយសង្រ្គោះ ប៉ុន្តែគាត់មិនបានបង្ហាញសញ្ញាសំខាន់នោះទេ ខណៈដែលបុរស២នាក់ទៀតនៅតែមិនស្គាល់អត្តសញ្ញាណច្បាស់នៅឡើយ ។

អាជ្ញាធរបានបញ្ជាក់ថា នៅក្នុងទីក្រុង Kurume នៃទីក្រុង Fukuoka ល្បាប់ភក់បានជន់លិចផ្ទះយ៉ាងហោចណាស់ចំនួន៧ ខ្នង ដោយក្រុមអ្នកជួយសង្គ្រោះមិនអាចទាក់ទងជាមួយមនុស្ស៦នាក់ទៀតនៅទីនោះបានឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top