ព័ត៌មានអន្តរជាតិ

ស្លាប់១១នាក់នៅក្នុងហេតុការណ៍រ លំបាក់អគារមួយកន្លែងនៅប្រេស៊ីល

រូបភាពពី៖​ XINHUA

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ដោយសារការដួលរលំអគារមួយកន្លែងនៅទីក្រុង Recife នៃទីក្រុង Pernambuco ស្ថិតនៅភាគឦសាន នៃប្រទេសប្រេស៊ីល បានកើនឡើងដល់១១នាក់ហើយគិតត្រឹមថ្ងៃសៅរ៍ ខណៈដែលមនុស្ស៣នាក់នៅតែបន្តបាត់ខ្លួន ។
អគារមួយដែលមានទីតាំងស្ថិតនៅក្រុង Paulista បានដួលរលំកាលពីព្រឹកថ្ងៃសុក្រដោយមិនដឹងមូលហេតុនៅឡើយទេ ។

អង្គភាពពន្លត់អគ្គីភ័យបានប្រាប់ដល់សារព័ត៌មានក្នុងស្រុកថា កាលពីថ្ងៃសុក្រ មនុស្ស៧នាក់ត្រូវបានរកឃើញដោយបញ្ជាក់ថា បានស្លាប់ និងម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ ខណៈដែលក្រុមជួយសង្គ្រោះបានរកឃើញសាកសព៣នាក់ទៀតកាលពីថ្ងៃសៅរ៍ ។

គួរបញ្ជាក់ថា អគារនេះត្រូវបានបិទជាជម្រករបស់មនុស្សនៅក្នុងឆ្នាំ២០១០តាមដីការបស់តុលាការ ។ ទោះជាយ៉ាងណា ក៏ដោយ ចាប់តាំងពីឆ្នាំ២០១២មក គ្រួសារមួយចំនួនបានផ្លាស់ប្តូរចូលរស់នៅទីនោះដោយខុសច្បាប់ ។

អង្គភាពពន្លត់អគ្គីភ័យបានឲ្យដឹងថា ផ្ទះល្វែងចំនួន៨ល្វែងត្រូវបានបំផ្លាញទាំងស្រុង និង៤ល្វែងផ្សេងទៀតខូចខាតដោយផ្នែកខ្លះៗនៃអគារ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top