ព័ត៌មានអន្តរជាតិ

ចិន ជំរុញដល់វេទិការតំបន់អាស៊ាន ប្រឆាំងនឹងគម្រោងនៃការបង្ហូរទឹកចេញ ពីរោងចក្រថាមពល នុយក្លេអ៊ែរ Fukushima

រូបភាព៖ Kyodo

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ ប្រភពចេញពីការទូតមួយបានឲ្យដឹងថា ប្រទេសចិន បានអំពាវនាវឱ្យមានសេចក្តីថ្លែងការណ៍ ដែលជាប្រធាននៃកិច្ចប្រជុំវេទិកា តំបន់អាស៊ាន នៅចុងសប្តាហ៍នេះ ដើម្បីបង្ហាញពីការប្រឆាំងទៅនឹងគម្រោង ការចេញផ្សាយ របស់ប្រទេសជប៉ុន អំពីការបង្ហូរទឹកដែលជាវិទ្យុសកម្មដែលត្រូវបានចម្រាញ់ចេញ ពីរោងចក្រនុយក្លេអ៊ែរ Fukushima ។

គួរបញ្ជាក់ផងដែរថា ចំពោះចំណាត់ការនេះ គឺបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង របស់ក្រុងប៉េកាំង នៅក្នុងការចូលរួមជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូរបស់ខ្លួនក្នុងការដាក់សម្ពាធបន្ថែម ទៅលើទីក្រុងតូក្យូ ដើម្បីបញ្ឈប់ផែនការបង្ហូរទឹក នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃវេទិកា ដែលមានសមាជិកចំនួន២៧រូប ដែលគ្រោងធ្វើនៅថ្ងៃសុក្រ នៅទីក្រុងហ្សាការតា ។

ប្រភពចេញពីអាស៊ាន បានឲ្យដឹងថា នៅឯការពិគ្រោះកម្រិតការងារ ទីក្រុងប៉េកាំងក៏បាន ស្នើឱ្យប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធាននៃក្រុមប្រចាំវេនអាស៊ាននៅក្នុងឆ្នាំនេះ ជៀសវាងការប្រើពាក្យ “ទឹកដែលត្រូវបានចម្រាញ់រួច” នៅក្នុងសេចក្តីថ្លែងការណ៍ របស់វេទិការតំបន់អាស៊ាន ដែលត្រូវចេញបន្ទាប់ពីការប្រមូលផ្តុំ នៃក្រុមសន្តិសុខប្រចាំឆ្នាំ ។

ប្រភពខាងលើបានឲ្យដឹងទៀតថា ប្រទេសជប៉ុន បានច្រានចោលគោលជំហររបស់ប្រទេសចិន ដោយបានលើកឡើងថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានសន្និដ្ឋាននៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍មុនថា ផែនការរបស់ប្រទេសជប៉ុន គឺស្របតាមស្តង់ដារសុវត្ថិភាពសកល ហើយនឹងមាន “ផលប៉ះពាល់វិទ្យុសកម្មតិចតួចប៉ុណ្ណោះដល់មនុស្ស និងបរិស្ថាន” ។

ចំណែកប្រទេសកូរ៉េខាងត្បូង វិញបានឲ្យដឹងថា ខ្លួនគោរពលទ្ធផលនៃការពិនិត្យរបស់ទីភ្នាក់ងារ IAEA ដែលជាលទ្ធផលនៃការវិភាគផ្ទាល់ខ្លួនលើផែនការរបស់ប្រទេសជប៉ុន ។ ប្រទេសចិន បានរិះគន់ដល់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ខណៈដែលក៏បានជំរុញដល់ក្រុងតូក្យូកុំឲ្យធ្វើការបង្ហូរទឹកចេញជាដាច់ខាត ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top