បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអះអាងថា ចំនួនទាហ៊ាន ស៊ីឈ្នួល ត្រឹមតែ២២០០នាក់ប៉ុណ្ណោះ ដែលកំពុងស្ថិត នៅក្នុងប្រទេសអ៊ុយក្រែន គិតចាប់តាំងតែពីពេល ដែលចំនួននេះបានកើនឡើង ដល់ជិត១២០០០មកម្ល៉េះ កាលពីគ្រាដំបូងនៃជម្លោះ។

យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា ក្រុមប្រយុទ្ធបរទេស ដែលមានវត្តមាន នៅក្នុងប្រទេស អ៊ុយក្រែន ដែលបានធ្វើដំណើរ មកចូលរួមធ្វើសង្គ្រាមប្រឆាំងរុស្សី ចាប់តាំងតែពីខែកុម្ភៈឆ្នាំ២០២២ បានកើនឡើងទៅដល់១១៦៧៥នាក់ និងមានប្រភពមកពី ប្រទេសចំនួន៨៤។
ក្នុងនោះគេសង្កេត ឃើញថា ជនជាតិប៉ូឡូញគឺ ជាអ្នកដែលបានចូលរួមក្នុងសកម្មភាព ប្រយុទ្ធនៅអ៊ុយក្រែន ច្រើន ជាងគេដល់ទៅ២៦០០នាក់ ខណៈដែលអាមេរិកនិងកាណាដា មានប្រមាណជា៩០០នាក់ ដូចគ្នាហើយបន្តបន្ទាប់ដោយហ្សកហ្ស៊ី មាន៨០០នាក់ អង់គ្លេសនិងរ៉ូមេនី៧០០នាក់ ក្រូអាតមានជាង ៣០០នាក់ បារាំងជាង២០០នាក់ជាដើម ។
ក្រសួងការពារជាតិ បានលំអិតថា ក្នុងចំណោមទាហ៊ានស៊ីឈ្នួលទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការ មកទល់ពេលនេះប្រមាណជា៤៨៤៥នាក់ បានបាត់បង់ជីវិត ប្រមាណជា៤៨០១នាក់ គេចខ្លួនចេញទៅវិញនិងនៅសេសសល់ បច្ចុប្បន្នត្រឹមតែ២២០៩នាក់ប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៣០ខែមិថុនា៕
ប្រែសម្រួល៖ស៊ុនលី
