ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ មហាសមុទ្រ ប៉ាស៊ីហ្វិក មិនមែនជាទីកន្លែង ធ្វើពិសោធន៍ នុយក្លេអ៊ែរ និងថ្នូរ សម្រាប់ធ្វើការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ នៃប្រទេសមួយ ចំនួនតូចនោះទេ

ពេលវេលា ដែលអង្គការ ថាមពលបរិមាណូអន្តរជាតិ ចេញផ្សាយរបាយការណ៍ វាយតម្លៃ ចំពោះបញ្ហាបង្ហូរទឹក សំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយថាមពល នុយគ្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ បានកន្លងផុត ទៅជិតមួយសប្តាហ៍ហើយ ។ ក្នុងអំឡុងពេលនេះ សំឡេងប្រឆាំងផែនការ បង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុនរបស់សហគមន៍អន្តរជាតិ ដូចជាប្រទេសកោះមហាសមុទ្រ ប៉ាស៊ីហ្វិក ហ្វីលីពីន ឥណ្ឌូណេស៊ី អាហ្វ្រិកខាងត្បូង ប៉េរូ ចិន និងកូរ៉េខាងត្បូង ជាដើមបានលាន់ឮជាប់មិនដាច់ ។ ប៉ុន្តែបើប្រៀបធៀបនឹង សំឡេងប្រឆាំងទាំងនេះ ទង្វើរបស់សហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិច គឺជាការយកចិត្តទុកដាក់ របស់មនុស្សទូទៅ ។

បន្ទាប់ពីអង្គការ ថាមពលបរិមាណូ អន្តរជាតិ ចេញផ្សាយរបាយការណ៍ វាយតម្លៃ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយ សេចក្តីថ្លែងការណ៍ ដោយសម្តែង “ការស្វាគមន៍” ហើយអ្នកនយោបាយប៉ែក ខាងលិចភាគច្រើន បានរក្សាភាពស្ងៀមស្ងាត់ ចំពោះការវិវាទជុំវិញផែនការ បង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រ របស់ជប៉ុន ។ ឧទាហរណ៍ដូចជា ប្រព័ន្ធសារព័ត៌មានប៉ែកខាងលិច មួយចំនួនបានឃោសនាបំប៉ោងយ៉ាង គឃ្លើនពីការបកស្រាយ របស់ភាគីជប៉ុន និង អង្គការ IAEA ដោយប្រើពាក្យ “ទឹកចាត់ចែងនុយក្លេអ៊ែរ” តែមិនមែន“ទឹកសំណល់នុយក្លេអ៊ែរ” ហើយក៏មិនសូវដកស្រង់ សំឡេងប្រឆាំង របស់សហគមន៍អន្តរជាតិនោះដែរ ។

ក្រៅពីនេះ ប្រព័ន្ធសារព័ត៌មានមួយចំនួនមើលទៅហាក់ដូចជាបានសំអាងតាមសំឡេងរបស់ភាគីជាច្រើនប្រកបដោយ “សត្យានុម័តនិងអព្យាក្រឹត” ប៉ុន្តែគឺគេចវេះពីបញ្ហាគន្លឹះ ជាប់រហូតមក ក្នុងនោះ បូករួមទាំងបញ្ហាថា តើផែនការបង្ហូរ ទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រ នឹងមានផលវិបាកណាខ្លះ ចំពោះបរិស្ថាន? ភាពឯករាជ្យ និងភាពជាតំណាងនៃសំណាកទឹកដែលអង្គការ IAEA ទទួលបាននោះ គឺ មានលក្ខណៈបែបណា? ហើយអំពីប្រវត្តិសាស្ត្រ ក្លែងបន្លំនៃក្រុមហ៊ុន ថាមពលអគ្គិសនី ក្រុងតូក្យូ របស់ជប៉ុន ដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ ប្រព័ន្ធសារព័ត៌មានប៉ែកខាងលិច សឹងតែមិនលើកឡើង ទាល់តែសោះ ។

តាមការសិក្សាស្រាវជ្រាវ នៃស្ថាប័នសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ សមុទ្រ របស់អាល្លឺម៉ង់ឱ្យដឹងថា ដោយសារនៅតាមឆ្នេរសមុទ្រក្រុង Fukushima មានចរន្តសមុទ្រដ៏ខ្លាំងបំផុត លើពិភពលោក ដូច្នេះ សារធាតុវិទ្យុសកម្ម នឹង រីកសាយភាយដល់តំបន់ ជាងពាក់កណ្តាល នៃមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងរយៈពេល៥៧ថ្ងៃ បន្ទាប់ពីបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ។ ក្នុងរយៈពេល៣០ឆ្នាំ និងរយៈពេលកាន់តែយូរ សារធាតុវិទ្យុសកម្មទាំងនេះ នឹងត្រូវបង្ហូរទៅក្នុងសមុទ្រ ឥតឈប់ឈរ នេះមិនត្រឹមតែនឹងបំផ្លាញ បរិស្ថានអេកូឡូស៊ីនៃសមុទ្រប៉ុណ្ណោះទេ ថែមទាំងក៏នឹងមានផលវិបាក ដល់សុខភាពអាយុជីវិត របស់មនុស្សជាតិផងដែរ ។
បំណាច់ជាបែបនេះ តើហេតុអ្វីបានជាប្រទេស ប៉ែកខាងលិច មួយចំនួនសម្តែង “ ការទុកចិត្ត”ចំពោះទឹកសំណល់ នុយក្លេអ៊ែររបស់ជប៉ុន? បើនិយាយអំពីមូលហេតុ គឺពាក់ព័ន្ធនឹង “ប្រវត្តិសាស្ត្រខ្មៅងងឹត”និងភាពអាត្មានិយម ជាយុទ្ធសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេ ។
សូមយកសហរដ្ឋអាមេរិក ជាឧទាហរណ៍ ។ តាមការផ្សាយដំណឹង នៃកាសែត 《Los Angeles Times 》ឱ្យដឹងថា នៅទស្សវត្សរ៍ឆ្នាំ៤០ និង៥០ នៃសតវត្សរ៍មុន សហរដ្ឋអាមេរិកបានធ្វើពិសោធន៍ នុយក្លេអ៊ែរចំនួន៦៧ លើកនៅប្រជុំកោះ Marshall ដែលនាំមកនូវគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដល់ប្រជាជនក្នុងតំបន់ ។ គិតមកទល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មិនបានផ្តោតការយកចិត្តទុកដាក់ ចំពោះឧក្រិដ្ឋកម្មរបស់ខ្លួនទាល់តែសោះ ហើយការសងថ្លៃជំងឺចិត្ត ក៏មិនគ្រប់គ្រាន់ដែរ ដែលធ្វើឱ្យទូទាំងពិភពលោកមានការខឹងសម្បាយ៉ាងខ្លាំង ។

បន្ទាប់ពីផ្ទុះឧប្បត្តិហេតុ នុយក្លេអ៊ែរ នៅ Fukushima កាលពីឆ្នាំ២០១១ ជប៉ុននិងអាមេរិកបានឈានដល់ កិច្ចព្រមព្រៀងសហប្រតិបត្តិការ អំពីការរួមគ្នាដោះស្រាយហេតុការណ៍ នុយក្លេអ៊ែរនិងការស្តារឡើងវិញ បន្ទាប់ពីហេតុការណ៍នេះជាដើម ។ ឆ្លងតាមរយៈកម្លាំងរបស់អាមេរិក ជប៉ុនទទូលបានការគាំទ្រ ចំពោះការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រលើឆាកមតិអន្តរជាតិ រីឯសហរដ្ឋអាមេរិកវិញ ក៏ឆ្លៀតឱកាសនេះ ដើម្បីគាំពារអនុត្តរភាព យោធា នៅជប៉ុន ក៏ដូចជាបន្ថែមមធ្យោបាយ សម្រាប់គ្រប់គ្រងជប៉ុន ។ ពួកគេមិនដែលយកចិត្តទុកដាក់ទាល់ តែសោះចំពោះការបង់ តម្លៃយ៉ាងណា របស់ប្រទេសផ្សេងទៀត ចំពោះផែនការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុន ។

រដ្ឋាភិបាលជប៉ុន គួរតែស្តាប់ សំឡេងយុត្តិធម៌ របស់ភាគីនានា បញ្ឈប់អនុវត្តផែនការបង្ហូរទឹក សំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រភ្លាម កុំជាប់ជំពាក់ បំណុលថ្មីទៀត ខណៈមិនទាន់សងបំណុលចាស់វិញ ។ ប្រទេសប៉ែកខាងលិច ដែលរក្សាភាពស្ងៀមស្ងាត់ទាំងនោះ ក៏មិនត្រូវក្លាយជាអ្នកសមគំនិត ជាមួយផែនការនេះដែរ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top