ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំ ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ អាស៊ាន​ នៅហ្សាកាតា នឹងផ្ដោតសំខាន់ លើវិបត្តិ​មីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូង

រូបភាព៖ Afp

ហ្សាកាតា៖ រដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ នឹងជួបប្រជុំគ្នា នៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះ ដោយវិបត្តិនយោបាយជាប់គាំង របស់មីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើការពិភាក្សា។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានបង្វិលក្រុមនៅឆ្នាំនេះ បានឲ្យដឹងថា ខ្លួនបានទទួលជោគជ័យក្នុងការចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលយោធាបានដណ្តើមអំណាច ដោយការទម្លាក់រដ្ឋាភិបាល ដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១។

ប៉ុន្តែគេមិនដឹងថា តើទីក្រុងហ្សាកាតា នឹងលម្អិតដល់រដ្ឋសមាជិកអាស៊ានចំនួនប្រាំបួន ៩ផ្សេងទៀតអំពីអ្វីដែលខ្លួនសម្រេចបាន ឬថាតើខ្លួននឹងពិភាក្សាអំពីវិធានការជាក់ស្តែង ដើម្បីទម្លុះភាពជាប់គាំងចំពេលដែលរបបយោធាមីយ៉ាន់ម៉ា កំពុងបន្តយុទ្ធនាការហិង្សាប្រឆាំងនឹងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យដែរឬយ៉ាងណានោះទេ។

ជម្លោះ​ដែន​ដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ស្ថិត​ក្នុង​ចំណោម​ប្រធាន​បទ​ផ្សេង​ទៀត ​ដែល​ត្រូវ​លើក​យក​មក​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​២​ថ្ងៃនេះ។ កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេស ជាស៊េរីរបស់អាស៊ាន ជាមួយប្រទេសជាដៃគូ នឹងប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា នៅចុងសប្តាហ៍នេះ

មីយ៉ាន់ម៉ា នឹងមិនចូលរួមក្នុងកិច្ចប្រជុំនេះទេ ដោយសារប្រទេសឥណ្ឌូនេស៊ី បានគោរពតាមគោលជំហរអាស៊ាន ដែលអនុញ្ញាតឱ្យរបបយោធា បញ្ជូនតែអ្នកតំណាងមិនមែននយោបាយមកចូលរួមតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសមីយ៉ាន់ម៉ា បានចូលរួមក្នុងវេទិកា សម្រាប់ប្រទេសសមាជិកអាស៊ាន ដែលធ្វើជាម្ចាស់ផ្ទះដោយប្រទេសថៃ កាលពីខែមុន ខណៈដែលទីក្រុងបាងកក បានអញ្ជើញរដ្ឋមន្ត្រីការបរទេសរបស់របបយោធា ដោយបង្ហាញពីការបែកបាក់រវាងប្រទេសអាស៊ាន ដែលទទួលយកការគ្រប់គ្រងដោយយោធាក្នុងកម្រិតមួយចំនួន ​។

កាលពីពេលកន្លងមកឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​សិង្ហបុរី មិន​បាន​ចូល​រួម​វេទិកា​នេះ​នៅ​ក្នុង​ប្រទេស​ថៃ​នោះទេ ដោយសារ​មាន​ការ​ចូល​រួម​ពី​ប្រទេស​មីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា ប្រទេសនេះបានជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ារួចរាល់ហើយ៕

To Top