តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុន និងអង្គការណាតូ នឹងចេញឯកសារកិច្ចសហប្រតិបត្តិការ សន្តិសុខថ្មីមួយ ខណៈដែលកិច្ចប្រជុំកំពូលរបស់ សម្ព័ន្ធភាពឆ្លងអាត្លង់ទិកចាប់ផ្តើម នៅថ្ងៃតែមួយនៅប្រទេសលីទុយអានី ដែលធ្វើឡើងចំពេលមានការ ព្រួយបារម្ភអំពីភូមិសាស្ត្រនយោបាយ។
មុនពេលចាកចេញពីទីក្រុងតូក្យូ ដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការណាតូរយៈពេល ២ថ្ងៃ លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានថា លោកមានចិត្តចង់ប្រើកិច្ចប្រជុំកំពូលនេះ ជាឱកាសមួយ ដើម្បី “បញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ដែលមានគំនិតដូចគ្នាក្នុងការប្រកាន់ខ្ជាប់នូវច្បាប់ ដែលមានមូលដ្ឋាន សេរី និងបើកចំហ។
ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា លោក គីស៊ីដា និងអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ត្រូវបានគេរំពឹងថា នឹងចេញផ្សាយឯកសារថ្មី ដែលនឹងស្វែងរកការពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងសម្ព័ន្ធមិត្តក្នុងវិស័យ ដូចជាសន្តិសុខដែនសមុទ្រ ការឆ្លើយតបព័ត៌មានមិនពិត និងអវកាស។
ប្រទេសជប៉ុន កំពុងបង្កើតឯកសារ ដែលហៅថាកម្មវិធីភាពជាដៃគូផ្ទាល់ខ្លួន ជាមួយនឹងសមាជិកចំនួន ៣១ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខរវាងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអឺរ៉ុប ជាមួយនឹងប្រទេសចិនក្នុងចិត្ត។
លោក គីស៊ីដា ដែលត្រូវបានគេគ្រោងនឹង ធ្វើទស្សនកិច្ចនៅបែលហ្សិក សម្រាប់កិច្ចពិភាក្សាជាទៀងទាត់ ជាមួយមេដឹកនាំសហភាពអឺរ៉ុប នៅចុងសប្តាហ៍នេះបានឲ្យដឹងថា លោកគ្រោងនឹងជួបជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី រៀងៗខ្លួននៅខាងក្រៅកិច្ចប្រជុំកំពូលរបស់ណាតូ។
ប្រភពបានឲ្យដឹងទៀតថា ក្នុងអំឡុងពេលពិភាក្សាជាមួយលោក Yoon លោក គីស៊ីដា នឹងពន្យល់ពីផែនការរបស់ប្រទេសជប៉ុន សម្រាប់ការបញ្ចេញទឹកវិទ្យុសកម្ម ដែលបានព្យាបាលពីរោងចក្រ ថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ បន្ទាប់ពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានផ្តល់ភ្លើងខៀវ សម្រាប់គម្រោងនេះ ដើម្បីដំណើរការទៅមុខ ៕
ប្រែសម្រួល៖ ឈូក បូរ៉ា