បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់លោកក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅកាន់ប្រទេសអ៊ុយក្រែន ដោយបង្ហាញពីការពិតដ៏រសើបមួយអំពីយោធារបស់អាមេរិកថា អាមេរិកនៅសល់គ្រាប់កាំភ្លើងធំកម្រិតទាប។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បានទទួលស្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ដោយនិយាយថា ចាំបាច់ត្រូវផ្តល់គ្រាប់បែកចង្កោមដល់ទីក្រុងគៀវ ដោយសារតែកាំភ្លើងធំ ១៥៥ មីលីម៉ែត្រ កំពុងខ្វះខាត។ លោក Biden បានប្រាប់ទូរទស្សន៍ CNN ថា “នេះគឺជាសង្រ្គាមដែលទាក់ទងនឹងគ្រាប់រំសេវ ហើយគ្រាប់ទាំងនេះជិតអស់ហើយ ដោយពួកយើងមានកម្រិតទាប” ។ ខាង CNN បានចង្អុលបង្ហាញពីការអះអាងរបស់សេតវិមាន កាលពីពេលមុនថា ការប្រើប្រាស់គ្រាប់បែកចង្កោមដោយកងកម្លាំងរុស្ស៊ីអាចជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។
អ្នករិះគន់ ដូចជាម្ចាស់កម្មវិធីផតឃែស្ថអាមេរិក Steve Guest បានអះអាងថា លោក Biden បាននិយាយចេញមកដោយមិនចេះគិតអំពីអ្វីដែលគួរតែជាអាថ៌កំបាំងរបស់រដ្ឋ។ “លោក Joe Biden ផ្សាយទៅកាន់ពិភពលោកថា សហរដ្ឋអាមេរិកមានកម្រិតទាបលើគ្រាប់កាំភ្លើង ១៥៥ មីលីម៉ែត្រ។ តើលោកប្រធានាធិបតី Biden មិនខ្វល់ថាសត្រូវរបស់យើងក្នុងប្រទេសចិនកុម្មុយនិស្តកំពុងស្តាប់ទេ?
អតីតបុគ្គលិកព្រឹទ្ធសភាអាមេរិក លោក Logan Dobson បានយល់ស្របចំពោះការលើកឡើងរបស់លោក Steve Guest ដោយនិយាយថា “ស្រឡាញ់ពេលដែលប្រធានាធិបតីអាមេរិកឡើងទៅទូរទស្សន៍ CNN ដើម្បីប្រាប់អ្នកគ្រប់គ្នាថា យើងជិតអស់គ្រាប់ហើយ” ។
លោក Biden បានធ្វើការអត្ថាធិប្បាយបែបនេះ នៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានរៀបចំដើម្បីប្រមូលផ្តុំសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងទីក្រុង Vilnius ប្រទេសលីទុយអានី ក្នុងសប្តាហ៍នេះ ជាកន្លែងដែលសមាជិកនៃសម្ព័ន្ធមិត្តយោធាលោកខាងលិចគ្រោងពិភាក្សាអំពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានអះអាងថា សេចក្តីថ្លែងការណ៍របស់លោក Joe Biden ទៅកាន់ CNN បានបង្ហាញថា យុទ្ធនាការដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីផ្តល់អាវុធមានតម្លៃរាប់ពាន់លានដុល្លារដល់ទីក្រុងគីវ បានធ្វើឱ្យការការពាររបស់អាមេរិកចុះខ្សោយ៕
ប្រែសម្រួលៈ ណៃ តុលា