ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិត អាវុធអាល្លឺម៉ង់ នឹងបើករោងចក្រផលិតរថក្រោះ និងរថពាសដែក នៅអ៊ុយក្រែន ដោយមួយឆ្នាំផលិត រថក្រោះបាន ៤០០គ្រឿង

ប្រភព ៖ AFP

បរទេស ៖ នាយកប្រតិបត្តិគឺលោក Armin Papperger បានប្រាប់ CNN ថា ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall នឹងបើករោងចក្រផលិតរថក្រោះ និងរថពាសដែក នៅអ៊ុយក្រែនក្នុងរយៈពេល ១២ សប្តាហ៍ខាងមុខ ។ ក្រុមហ៊ុនអះអាងថា ខ្លួននឹងអាចផលិតរថក្រោះចំនួន ៤០០ គ្រឿងក្នុងមួយឆ្នាំ នៅឯរោងចក្រនេះ ប៉ុន្តែរុស្ស៊ីបានគម្រាមបញ្ឈប់ការផលិត ជាមួយនឹងការវាយប្រហារមីស៊ីល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា រោងចក្រនេះនឹងមានទីតាំងនៅភាគខាងលិចប្រទេសអ៊ុយក្រែន ហើយដំណើរការរួមគ្នាដោយក្រុមហ៊ុន Rheinmetall និងក្រុមហ៊ុនអាវុធរដ្ឋ អ៊ុយក្រែន Ukroboronprom, នេះបើតាម CNN បានរាយការណ៍ កាលពីថ្ងៃចន្ទដោយដកស្រង់ បទសម្ភាសន៍ជាមួយលោក Papperger កាលពីសប្តាហ៍មុន។

នាយកប្រតិបត្តិគឺលោក Armin Papperger បាននិយាយថា “អ៊ុយក្រែន ត្រូវតែជួយខ្លួនឯង។ “ប្រសិនបើពួកគេតែងតែរង់ចាំ អឺរ៉ុប ឬអាមេរិក ដើម្បីជួយពួកគេក្នុងរយៈពេល ១០ ឬ ២០ ឆ្នាំខាងមុខ… នោះមិនអាចទៅរួចទេ” ។

ក្រុមហ៊ុន Rheinmetall បានប្រកាសជាលើកដំបូងនូវផែនការរបស់ខ្លួនក្នុងការអភិវឌ្ឍរោងចក្រមួយនៅក្នុងខែមីនា ដោយក្រុមហ៊ុនបានបញ្ជាក់ថា នៅពេលនោះរោងចក្រនេះនឹងចំណាយប្រាក់ ២០០ លានដុល្លារដើម្បីសាងសង់ ហើយនឹងមានសមត្ថភាពផលិតរថក្រោះ ‘Panther’ ចុងក្រោយបំផុតចំនួន ៤០០ គ្រឿងក្នុងមួយឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា

To Top