ព័ត៌មានអន្តរជាតិ

លោក Trump រិះគន់លោក Biden ចំពោះការប្រើប្រាស់ គ្រាប់បែកចង្កោម ក្នុងជម្លោះនៅអ៊ុយក្រែន

បរទេស ៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសព្រមានថា ករណីដែលអាមេរិក នឹងពិតជាបញ្ជូនគ្រាប់បែកចង្កោម ទៅឲ្យអ៊ុយក្រែន មែននោះមានន័យថា អាមេរិកកំពុងទាញពិភពលោក ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី៣ ជាមិនខាន ។

យោងតាមការ ចេញផ្សាយរបស់ RT លោក Trump បានពោលបែបនេះថា ប្រធានាធិបតី Joe Biden គួរតែព្យាយាមបញ្ចប់សង្គ្រាម និងបញ្ឈប់ការ បំផ្លិចបំផ្លាញ ដោយសាររដ្ឋាភិបាលដែលមិនគ្រប់លក្ខណៈ របស់គាត់ទៀតទៅ ។

អតីតប្រធានាធិបតីទី៤៥ អាមេរិករូបនេះ គឺសំដៅការលើកឡើង របស់គាត់ទៅលើបញ្ហា នៃការសម្រេចចិត្តផ្គត់ផ្គង់គ្រាប់បែកចង្កោម ដែលត្រូវបានប្រកាស ដោយលោក Joe Biden កាលពីសប្តាហ៍មុន ហើយដោយពន្យល់ថា វានឹងធ្វើឲ្យបាត់បង់ជីវិតមនុស្ស នៅពេលនេះនិងនៅក្នុងរយៈពេលជាច្រើន ទសវត្សក្រោយមកទៀត ជាមិនខាន ។

គួរឲ្យដឹងដែរថា ឆ្លើយតបទៅនឹងការ ផ្តល់ឲ្យអ៊ុយក្រែន នូវគ្រាប់បែកចង្កោមនេះ រដ្ឋមន្ត្រីការពារជាតិរុស្សី ធ្លាប់បានបញ្ជាក់ហើយថា រុស្សីក៏មានគ្រាប់បែកចង្កោមដូចគ្នាដែរ ប៉ុន្តែម៉ូដេលរបស់រុស្សីគឺ ទំនើបជាងបាញ់បានឆ្ងាយជាង បានធំជាងនិងចម្រុះជាងគ្រាប់បែកចង្កោម របស់អាមេរិកប៉ុន្តែរុស្សី នឹងបន្តប្រើប្រាស់កាំភ្លើងធំ រហូតដល់ដំណាក់កាលអស់ជម្រើស៕
ប្រែសម្រួល៖ស៊ុនលី
ប្រភព ៖ Xinhua

To Top