ព័ត៌មានអន្តរជាតិ

មេទ័ពកំពូលៗ ទាំងបួនរបស់ប្រទេសថៃ មិនចូលរួមការបោះឆ្នោតសភាជ្រើសរើសនាយករដ្ឋមន្ត្រី

រូបភាពពី៖​ AFP

បរទេស៖ មេបញ្ជាការកំពូល និងប្រធានកងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងប្រទេសថៃ នឹងជាប់រវល់ជាមួយបេសកកម្មផ្សេងទៀតគ្នា ហើយមិនអាចចូលរួមសភារួមគ្នាដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ នៅថ្ងៃព្រហស្បតិ៍នេះទេ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមប្រភពនានាថា អគ្គមេបញ្ជាការកំពូល គឺ ឧត្តមសេនីយ៍ Chalermpol Srisawat នឹងជាប់រវល់ជាមួយភារកិច្ចនៅឯខេត្ត Phitsanulok ខណៈដែលអគ្គមេបញ្ជាការកងទ័ពជើងគោកលោក Narongpan Jitkaewthae នឹងធ្វើដំណើរទៅត្រួតពិនិត្យនៅទីក្រុងតំបន់ព្រំដែន។

ប្រភពបានបន្ថែមថា មេទ័ពជើងអាកាសថៃ លោក Alongkorn Wannarot ក៏ធ្វើដំណើរផ្លូវរដ្ឋទៅក្រៅប្រទេស ខណៈមេទ័ពជើងទឹកថៃ ឧត្តមនាវីឯក Choengchai Chomchoengpaet បាននិយាយកាលពីថ្ងៃពុធថា លោកនឹងជាប់រវល់ក្នុងពិធីរំលឹកដល់សង្គ្រាមបារាំង-សៀម ឆ្នាំ១៨៩៣។ ពិធីនេះនឹងប្រារព្ធធ្វើនៅបន្ទាយ King Rama V ក្នុងស្រុក Phra Samut Chedi នៃខេត្ត Samut Prakan ពេញមួយថ្ងៃ។

លោក Choengchai បាននិយាយថា មេបញ្ជាការកំពូលមិនបានចេញសេចក្តី ណែនាំណាមួយដល់ប្រមុខកងកម្លាំងប្រដាប់អាវុធផ្សេងទៀត អំពីការបោះឆ្នោតរបស់សភានោះទេ។

សូមបញ្ជាក់ថា មេទ័ពកំពូលទាំងបួន និងអគ្គស្នងការនគរបាលជាតិរបស់ថៃ គឺជាអតីតសមាជិកព្រឹទ្ធសភា។

ភ្នាក់ងារសន្តិសុខបានសម្តែងការភ័យខ្លាចថា ការតវ៉ាអាចនឹងផ្ទុះឡើង ប្រសិនបើលោក Pita Limjaroenrat ដែលជាមេដឹកនាំគណបក្សដ៏ធំបំផុតក្នុងលក្ខខណ្ឌ នៃសមាជិកសភា នឹងមិនត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីបន្ទាប់នោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top