ព័ត៌មានអន្តរជាតិ

កាសែត Washington Post ផ្សាយថា គណៈប្រតិភូអាមេរិក ខឹងយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតី អ៊ុយក្រែន រិះគន់ណាតូ

ប្រភព ៖ AFP

បរទេស៖ កាសែត Washington Post បានរាយការណ៍ថា គណៈប្រតិភូអាមេរិក ដែលចូលរួម ក្នុងកិច្ចប្រជុំកំពូល របស់អង្គការណាតូ នៅទីក្រុង Vilnius ប្រទេសលីទុយអានី គឺបាន “ខឹងសម្បារ” ជុំវិញការបង្ហោះរបស់ប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky ដោយលោកបានរិះគន់ សម្ព័ន្ធមិត្តយោធា ចំពោះការស្ទាក់ស្ទើររបស់ខ្លួន ក្នុងការផ្តល់នូវផែនទី បង្ហាញផ្លូវជាក់ស្តែង សម្រាប់ទីក្រុងគៀវ រចូលទៅកាន់ប្លុកយោធា មួយនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ លោក Zelensky បានសរសេរនៅលើ Twitter ថា លោកត្រូវបានគេជូនដំណឹងថា អត្ថបទ ចុងក្រោយ នៃសេចក្តីថ្លែងការណ៍ ដែលបានចេញ នៅក្នុងកិច្ចប្រជុំកំពូល នឹងមិនរួមបញ្ចូលការ កំណត់ពេលវេលា សម្រាប់សមាជិកភាពរបស់អង្គការណាតូ របស់ប្រទេសអ៊ុយក្រែននោះទេ។

លោកបានហៅការខកខាននេះថា “មិនធ្លាប់មាន និងមិនសមហេតុផល” និងបានលើកឡើងថា “ភាពមិនច្បាស់លាស់” លើបញ្ហានេះ គឺជាសញ្ញានៃ “ភាពទន់ខ្សោយ ” នៅក្នុងសម្ព័ន្ធភាពយោធា ដឹកនាំដោយសហរដ្ឋអាមេរិក។ លោក Zelensky បានអះអាងទៀតថា ក្រុមអ្នកគាំទ្រ លោកខាងលិច របស់ក្រុងគៀវ បានសម្រេចចិត្ត «ចរចាសមាជិកភាពអ៊ុយក្រែន ក្នុងអង្គការណាតូ ក្នុងការចរចាជាមួយរុស្ស៊ី»។

កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រី ដែលមិនបញ្ចេញឈ្មោះម្នាក់ ដែលដឹងអំពីបញ្ហានេះថា សមាជិកនៃគណៈប្រតិភូអាមេរិក គឺបាន “ខឹងសម្បារ” បន្ទាប់ពីបានដឹងពីសាររបស់មេដឹកនាំអ៊ុយក្រែន ។

កាសែតនេះបានចង្អុលបង្ហាញថា លោក Zelensky “បានរិះគន់ខ្លាំងទៅលើជំហរ របស់សម្ព័ន្ធភាពបែបនេះ គឺផ្ទុយស្រឡះទៅនឹងរូបភាព នៃភាពសុខដុមរមនា របស់លោកខាងលិចដែល ប្រធានាធិបតីអាមេរិក Joe Biden និងជំនួយការរបស់គាត់បាន នឹងកំពុងបញ្ចាំង” នៅក្នុងព្រឹត្តិការណ៍នេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top