សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេស បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មីស៊ីល ដែលត្រូវបានសាកល្បងដោយកូរ៉េខាងជើង កាលពីថ្ងៃពុធ ម្សិលមិញនេះ គឺជាមីស៊ីលផ្លោងអន្តរទ្វីប ICBM “ប្រភេទថ្មី” ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីល Hwasong-18 ។កាំជ្រួចដែលបានបាញ់ឆ្ពោះទៅសមុទ្រជប៉ុន បានហោះប្រហែល ៧៤ នាទីមុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ នៃកោះហុកកៃដូ ដែលជាពេលវេលាហោះហើរវែងបំផុត មិនធ្លាប់មានសម្រាប់មីស៊ីល ដែលបាញ់ដោយប្រទេសនេះ។
របាយការណ៍បានឲ្យដឹងថា ការសាកល្បងនេះត្រូវបានធ្វើឡើងនៅពេលដែលស្ថានភាពសន្តិសុខនៅលើឧបទ្វីបកូរ៉េបានឈានដល់ “ដំណាក់កាលនៃវិបត្តិនុយក្លេអ៊ែរហួសពីសម័យសង្រ្គាមត្រជាក់” ចំពេល “ការបង្កហេតុខាងយោធា ដែលមិនធ្លាប់មានពីមុនមក” ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដោយសហរដ្ឋអាមេរិក និង “កងកម្លាំងឈ្លានពានរបស់ខ្លួន”។
គួរបញ្ជាក់ថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលីស្ទិកតាំងពីដើមឆ្នាំនេះ ដោយផ្គើននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា