ព័ត៌មានអន្តរជាតិ

នាយក​រដ្ឋមន្ត្រី​ជប៉ុន ផ្ដល់ការ​ធានាដល់​កូរ៉េខាងត្បូង ​ពី​សុវត្ថិភាព​ នៃ​ការ​បញ្ចេញ​ទឹកសំណល់នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា

រូបភាពពី៖​ XINHUA

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានប្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ថា ការគ្រោងបញ្ចេញទឹកវិទ្យុសកម្ម ដែលបានព្យាបាលរួច ចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ​ អនុលោមតាមស្តង់ដារអន្តរជាតិ និងមានសុវត្ថិភាព។

ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងវីលលីនីស ដែលធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូលោក គីស៊ីដា និងលោក Yoon ក៏បានយល់ព្រមធ្វើការឆ្ពោះទៅរក ការចរចាសេដ្ឋកិច្ចកម្រិតខ្ពស់នៅចុងឆ្នាំនេះ ដោយសារប្រទេសជិតខាងទាំងពីរនេះ កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីកែលម្អ​ ទំនាក់ទំនងយូរយារណាស់មកហើយត្រូវបានគ្របដណ្ដប់ដោយប្រវត្តិសាស្ត្រសម័យសង្គ្រាមរបស់ពួកគេ។

ទាក់ទងនឹងការបញ្ចេញទឹកនេះ លោក គីស៊ីដា បានសន្យាថា ប្រទេសជប៉ុន នឹងចាត់វិធានការសមស្រប រួមទាំងការផ្អាកការបញ្ចេញទឹកសំណល់នោះជាបន្ទាន់ ប្រសិនបើការប្រមូលផ្តុំសារធាតុវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរលើសពីកម្រិត ដែលអនុញ្ញាតក្រោមស្តង់ដារសុវត្ថិភាព។

ការប្រឆាំងទៅនឹងការហូរទឹកនេះនៅតែមានភាពខ្លាំងក្លានៅក្នុងប្រទេសជិតខាងរបស់ប្រទេសជប៉ុន បើទោះបីជាថ្មីៗនេះ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានអះអាងថា ទង្វើនេះមិនបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ឬបរិស្ថានក៏ដោយ។

លោក Yoon បានឲ្យដឹងថា កូរ៉េខាងត្បូង “គោរព” លទ្ធផលនៃរបាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលបំភ្លឺផែនការរបស់ជប៉ុន ​ ប៉ុន្តែការិយាល័យរបស់លោក Yoon បានឲ្យដឹងថា លោកបានស្នើសុំឱ្យប្រទេសជប៉ុន ចែករំលែកព័ត៌មានត្រួតពិនិត្យតាមពេលវេលាជាក់ស្តែង និងអនុញ្ញាតឱ្យអ្នកជំនាញកូរ៉េខាងត្បូង ចូលរួមក្នុងដំណើរការត្រួតពិនិត្យសុវត្ថិភាព។

បន្ទាប់ពីជិតពីរឆ្នាំនៃការត្រួតពិនិត្យសុវត្ថិភាពឯករាជ្យ អគ្គនាយក IAEA លោក Rafael Grossi បានបញ្ជូនរបាយការណ៍នេះ ទៅកាន់លោក គីស៊ីដា កាលពីសប្តាហ៍មុននៅទីក្រុងតូក្យូ ហើយការ​បង្ហូរ​ចេញ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើ​ម​នៅ​ក្នុង​រដូវ​ក្តៅ​នេះ​។

ដោយសារទំនាក់ទំនងរបស់ជប៉ុន ជាមួយកូរ៉េខាងត្បូង មានភាពប្រសើរឡើងយ៉ាងខ្លាំងក្រោមការគ្រប់គ្រងរបស់លោក Yoon បន្ទាប់ពីមានជម្លោះជាច្រើនឆ្នាំលើបញ្ហាប្រវត្តិសាស្ត្រ លោក គីស៊ីដា មានគោលបំណងធានាថា ផែនការនេះមិនធ្វើឱ្យខូចដល់ សន្ទុះដ៏ល្អនៃទំនាក់ទំនងទ្វេភាគីនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top