ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្សី ៖ ទំនាក់ទំនង ជាមួយនឹងលោកខាងលិច នឹងមិនអាចត្រឡប់ ដូចដើមឡើយ

ប្រភព ៖ AFP

បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សី លោក Sergey Lavrov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះ បានធ្វើការព្យាករណ៍ថា ទំនាក់ទំនងរវាងរដ្ឋាភិបាល ទីក្រុងមូស្គូនិងលោកខាងលិច នឹងមិនអាចត្រឡប់ ដូចកាលពីមុនឆ្នាំ២០១៤ ឡើយ។

យោងតាមការចេញ ផ្សាយរបស់ RT លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ប្រទេសរុស្សីបច្ចុប្បន្ន កំពុងផ្តោត សំខាន់ទៅលើកសាង ពិភពលោកទៅជាពិភពលោកមួយ មានប៉ូលសេដ្ឋកិច្ចធំៗច្រើន ហើយការងារនេះ កំពុងត្រូវបានដំណើរ ការយ៉ាងរលូន ជាមួយនឹងក្រុមប្រទេស នៅអាស៊ីអាមេរិកឡាទីន និងប្រជាជាតិអាហ្វ្រិកផងដែរ ។

លោក Lavrov បាននិយាយនៅ ក្នុងបទសម្ភាសន៍ជាមួយ Lenta.ruថា បន្ទាប់ពីការ បើកប្រតិបត្តិការ យោធានៅអ៊ុយក្រែន កាលពីឆ្នាំ២០២២ កន្លងមកសហរដ្ឋអាមេរិក និង រដ្ឋសមាជិក ណាតូ ព្រមទាំងសហភាពអឺរ៉ុបផង បានបង្កើនសង្គ្រាមកូនកាត់ប្រឆាំង នឹងរុស្ស៊ី ដែលវាបាន ចាប់ផ្តើមឡើងតាំងតែ ពីក្នុងឆ្នាំ២០១៤មកម្ល៉េះ ។

អ្នកការទូតកំពូល របស់រុស្ស៊ីរូបនេះ បាននិយាយថា វាច្បាស់ណាស់ថា នឹងមិនមានការ វិលត្រឡប់ ទៅកាន់ទំនាក់ទំនងចាស់ ជាមួយប្រទេស ដែលមិន រួសរាយរាក់ទាក់នោះទៀតឡើយ ដោយសារតែទង្វើរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ូសែល ដែលបានធ្វើតាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ៕
ប្រែសម្រួល៖ស៊ុនលី

To Top