បរទេស៖ គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលុបចោលពាក្យយោងចំពោះកោះតៃវ៉ាន់ថាជា “ប្រទេស” នៅក្នុងផ្នែកប្រឹក្សាការធ្វើដំណើររបស់ខ្លួន, នេះបើតាមសារព័ត៌មានតៃវ៉ាន់បានរាយការណ៍កាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមអង្គការព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ គឺគេហទំព័ររបស់ក្រសួងការបរទេសបានដកពាក្យថា ‘ទំព័រព័ត៌មានប្រទេស’ ហើយជំនួសមកវិញដោយតំណភ្ជាប់ទៅកាន់ផ្នែកមួយដែលឥឡូវនេះហៅថា ‘ព័ត៌មានធ្វើដំណើរអន្តរជាតិតៃវ៉ាន់’ ។
អ្នកនាំពាក្យរបស់វិទ្យាស្ថានអាមេរិកនៅកោះតៃវ៉ាន់ ដែលធ្វើសកម្មភាពក្រៅផ្លូវការក្នុងនាមជាស្ថានទូតអាមេរិក នៅលើទឹកដីជម្លោះនោះ បានបដិសេធមិនចូលរួមជាមួយសំណួរពីសារព័ត៌មានតៃវ៉ាន់ អំពីហេតុផលនៅពីក្រោយការផ្លាស់ប្តូរនេះ ប៉ុន្តែបានប្រាប់ជាសាធារណៈថា គោលនយោបាយផ្លូវការរបស់សហរដ្ឋអាមេរិក ចំពោះតៃវ៉ាន់ នៅតែមិនផ្លាស់ប្តូរ។
វិទ្យាស្ថានបានប្រាប់សារព័ត៌មានតៃវ៉ាន់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ជារឿយៗធ្វើបច្ចុប្បន្នភាពផ្នែកនានា នៃគេហទំព័ររបស់ខ្លួន ហើយអាមេរិកមាន “ការគាំទ្រដ៏យូរអង្វែង រឹងមាំ និងការគាំទ្រទ្វេភាគីរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ ស្របតាមគោលនយោបាយចិនតែមួយរបស់យើង”។
សូមជម្រាបថា សហរដ្ឋអាមេរិកទទួលស្គាល់ជាផ្លូវការ នូវគោលនយោបាយចិនតែមួយរបស់ទីក្រុងប៉េកាំង ដែលចែងថាមានរដ្ឋាភិបាលស្របច្បាប់តែមួយគត់ នៃទឹកដីរបស់ប្រទេសចិន ហើយថា កោះតៃវ៉ាន់ជាខេត្តបំបែកចេញពីដីគោក។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន រក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយទីក្រុងតៃប៉ិដែលគ្រប់គ្រងដោយខ្លួនឯង ហើយជារឿយៗផ្តល់អាវុធឱ្យកោះនេះ ដែលអាមេរិកនិយាយថា ជាលក្ខណៈនៃការការពារតែប៉ុណ្ណោះ៕ ប្រែសម្រួលៈ ណៃ តុលា