ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ដកការរឹត្បិត លើការនាំចូលម្ហូបអាហារ ពីផ្នែកមួយរបស់ប្រទេសជប៉ុន បន្ទាប់ពីផ្អាកដោយសារគ្រោះ មហន្ដរាយនុយក្លេអ៊ែរ

ប្រភព ៖ Kyodo

តូក្យូ៖ សហភាពអឺរ៉ុប បានឲ្យដឹងថា ខ្លួននឹងដកការរឹតបន្តឹងការនាំចូល ដែលនៅសេសសល់ ដែលខ្លួនដាក់លើផលិតផលម្ហូបអាហារ ពីផ្នែកមួយនៃប្រទេសជប៉ុនបន្ទាប់ពីគ្រោះមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ឆ្នាំ២០១១ ខណៈដែលកិច្ចសហប្រតិបត្តិការរវាងប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក និងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យអាស៊ីដ៏ធំមួយនេះ បានពង្រីកយ៉ាងឆាប់រហ័សនៅក្នុងស្ទើរតែគ្រប់វិស័យ។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលជប៉ុន-សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ក្នុងអំឡុងពេល ដែលមេដឹកនាំបានយល់ព្រមពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ឧស្សាហកម្ម និងវត្ថុធាតុដើមសំខាន់ៗ ហើយធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតលើវិស័យដូចជាសន្តិសុខដែនសមុទ្រ និងអ៊ីនធឺណិត ដោយមើលឃើញពីឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ប្រទេសចិន និងចក្រពត្តិនិយមរុស្ស៊ី។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនាក់ទំនង លើបញ្ហាសន្តិសុខ ពួកគេបានសម្រេចចិត្តបង្កើតការសន្ទនា ជាយុទ្ធសាស្ត្រនៅថ្នាក់រដ្ឋមន្ត្រីការបរទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ថា “យើងស្វាគមន៍សហភាពអឺរ៉ុប ដែលបង្កើនការចូលរួមនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក” ។

សេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានលើកឡើងពីកង្វល់ផ្សេងៗ ដែលកើតចេញពីសកម្មភាពរបស់ចិន រួមទាំង “ការបង្កើតនុយក្លេអ៊ែរ​” របស់ខ្លួន។ ប៉ុន្តែមេដឹកនាំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “ការចូលរួមដោយស្មោះត្រង់ និងបង្ហាញពីកង្វល់របស់យើងដោយផ្ទាល់”។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “វាមានសារៈសំខាន់ណាស់ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដោយផ្តល់តួនាទីរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិ និងទំហំនៃសេដ្ឋកិច្ចរបស់ខ្លួន លើបញ្ហាប្រឈមជាសកល ក៏ដូចជាផ្នែក ដែលមានផលប្រយោជន៍រួម” ។

ទំនាក់ទំនងរបស់ជប៉ុន ជាមួយអឺរ៉ុប កាន់តែស៊ីជម្រៅបន្ថែមទៀត បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ និងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ប៉ុន្តែវាត្រូវចំណាយពេលខ្លះ សម្រាប់ទីក្រុងតូក្យូ ដើម្បីបញ្ចុះបញ្ចូលប្លុកប្រទេសចំនួន ២៧ ឱ្យដកចេញនូវការត្រួតពិនិត្យ ដែលតម្រូវឱ្យមានការធ្វើតេស្តរក radionuclides និងវិញ្ញាបនប័ត្រសុវត្ថិភាព សម្រាប់អាហារសមុទ្រ និងផលិតផលកសិកម្មមួយចំនួនពីហ្វូគូស៊ីម៉ា និងខេត្តចំនួន ៩ផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top