ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ផ្លាស់ប្តូរផែនការ ដោយលែងសាងសង់រោងចក្រជួសជុលរថក្រោះ នៅក្នុងប្រទេសអ៊ុយក្រែន

រូបភាពពី៖​ AFP

បរទេស៖ ទីភ្នាក់ងារព័ត៌មាន n-tv បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាល្លឺម៉ង់អនាមិកដែលមិនបញ្ចេញអត្តសញ្ញាណថា ប្រទេសអាល្លឺម៉ង់នឹងសាងសង់រោងចក្រថែទាំជួសជុលរថក្រោះសម្រាប់អ៊ុយក្រែន នៅលើទឹកដីរបស់ខ្លួន ហើយអាចបន្ថែមកន្លែងមួយផ្សេងទៀតនៅក្នុងប្រទេសលីទុយអានី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការសម្រេចចិត្តនេះក៏ត្រូវបានរាយការណ៍ដោយកាសែត Handelsblatt ដែលផ្សាយថា ទីក្រុងប៊ែកឡាំងបានបោះបង់ចោលគំនិតមួយ បានយល់ព្រមកាលពីខែមេសា ដើម្បីបង្កើតមជ្ឈមណ្ឌលបែបនេះសម្រាប់ការខូចខាតផ្នែករឹងយោធារបស់អ៊ុយក្រែន នៅក្នុងប្រទេសប៉ូឡូញ។

យោងតាមអត្ថបទនៅលើគេហទំព័រ n-tv គឺថា ការងារជួសជុលលើម៉ូដែលរថក្រោះ Leopard 2A5 និងម៉ូដែល 2A6 អាចចាប់ផ្តើមបានភ្លាមៗនៅពេលដែលអ៊ុយក្រែនស្នើសុំសេវាកម្មបែបនេះ។ ផ្នែករឹងរបស់យោធាត្រូវបានផ្តល់ឱ្យទៅទីក្រុងគៀវ ដោយទីក្រុងប៊ែកឡាំងកាលពីខែមីនា។

ទន្ទឹមនឹងនេះដែរ កាសែត Handelsblatt បានដកស្រង់ប្រភពអនាមិកមួយចំនួនដែលបានអះអាងថា ការសម្រេចចិត្តរបស់អាល្លឺម៉ង់ ក្នុងការលុបចោលគម្រោងសាងសង់រោងចក្រនៅក្នុងប្រទេសប៉ូឡូញ គឺដោយសារតែការព្យាករណ៍តម្លៃខ្ពស់ដែលមិនសមាមាត្ររបស់ទីក្រុង Warsaw (ប្រទេសប៉ូឡូញ)។ ក្រោមកិច្ចព្រមព្រៀងដំបូង ក្រុមហ៊ុនផលិតរថក្រោះអាល្លឺម៉ង់ចំនួន២គឺ ក្រុមហ៊ុន Rheinmetall និង ក្រុមហ៊ុន KMW ត្រូវបង្កើតដោយការបណ្តាក់ទុនរួមគ្នានៅក្នុងប្រទេសប៉ូឡូញ រួមជាមួយក្រុមហ៊ុន PGZ ដែលគ្រប់គ្រងដោយរដ្ឋប៉ូឡូញ។ បន្ទាប់មករដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវបានគេរំពឹងថា នឹងរ៉ាប់រងការចំណាយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top