ព័ត៌មានអន្តរជាតិ

អ្នកជំនាញ និងអ្នកវិភាគនយោបាយរបស់ថៃ ជាច្រើននាក់ ព្យាករណ៍ថា ឱកាសសម្រាប់លោក Pita ក្នុងការបោះឆ្នោតសភាជុំទី២ គឺស្មើសូន្យ

រូបភាពពី៖​ AFP

បរទេស៖ អ្នកជំនាញ និងអ្នកវិភាគនយោបាយរបស់ថៃ ជាច្រើននាក់ ជឿជាក់ថា សម្ព័ន្ធដែលដឹកនាំដោយគណបក្ស ឆ្ពោះទៅមុខ ឬ Move Forward ប្រហែលជាត្រូវពិចារណាក្នុងការដាក់បេក្ខជននាយករដ្ឋមន្ត្រីថ្មី ក្រៅពីលោក Pita Limjaroenrat។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកជំនាញ និងអ្នកវិភាគនយោបាយរបស់ថៃទាំងនោះ បាននិយាយទៅកាន់ទូរទស្សន៍ Nation TV កាលពីថ្ងៃសុក្របែបនេះ មួយថ្ងៃបន្ទាប់ពីលោក Pita បរាជ័យក្នុងការបោះឆ្នោតសភាជុំទីមួយសម្រាប់តំណែងជានាយករដ្ឋមន្ត្រី។

ថ្វីត្បិតតែជាបេក្ខជនមានតែឯងក៏ដោយ ក៏លោក Pita មិនអាចទទួលបានសំឡេងគាំទ្រភាគច្រើនពីសមាជិកសភានោះដែរ ដោយខ្វះសំឡេងគាំទ្រដើម្បីឱ្យគ្រប់ចំនួន ៣៧៥ ដែលលោកត្រូវការ។ ជា​លទ្ធផល ការបោះឆ្នោត​ជុំ​ទី​២​សម្រាប់​តំណែងនាយករដ្ឋមន្ត្រី​នេះ គឺត្រូវបានកំណត់​នៅ​ថ្ងៃទី​១៩ ខែកក្កដា​នេះ។

តាមគំនិតរបស់អ្នកជំនាញនយោបាយចំនួន៦រូបគឺរួមមាន Krisada Boonraung, Thitinan Pongsudhirak, Kittisak Ratanawaraha, Olarn Thinbangteo, Chettha Sapyen, និង Yuttaporn Issarachai គឺថា ឱកាសរបស់លោក Pita ក្នុងការឈ្នះការបោះឆ្នោតជុំទីពីរ នៃការបោះឆ្នោតនៅសប្តាហ៍ក្រោយគឺ មិនល្អទាល់តែសោះ។

ពួកគេបានចាត់ទុកគោលនយោបាយមួយចំនួនរបស់គណបក្សលោកដែលមិនសមហេតុផលចំពោះអ្នកនយោបាយចាស់ទុំ និងអ្នកនយោបាយអភិរក្សថាជាហេតុផលចម្បង សម្រាប់ការស្ទាក់ស្ទើរក្នុងការបោះឆ្នោតឱ្យលោក។

ទន្ទឹមនឹងនោះ អ្នកវិភាគមួយចំនួនបានចង្អុលបង្ហាញថា មានដំណើរការផ្លូវច្បាប់កំពុងដំណើរការដើម្បីដកលោក Pita ចេញពីនយោបាយថៃ ជាពិសេសករណីលើកម្មសិទ្ធិលើភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការសន្យារបស់គណបក្សលោកក្នុងការកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌស្តីពីការប្រមាថព្រះមហាក្សត្រ៕ ប្រែសម្រួលៈ ណៃ តុលា

To Top