បរទេស៖ ភ្នាក់ងារសម្ងាត់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ម្ចាស់កាបូបកូកាអ៊ីនដែលទុកក្នុងកាបូបក្នុងសេតវិមាន នៅដើមខែនេះនៅតែមិនស្គាល់អត្តសញ្ញាណនៅឡើយ ហើយបើតាមសេចក្តីរាយការណ៍ថា ក្រុមស៊ើបអង្កេតបានបិទករណីនេះដោយសារតែខ្វះភស្តុតាង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សេវាសម្ងាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មិនមានវីដេអូតាមដានដែលបានរកឃើញ ដែលផ្តល់ការដឹកនាំស៊ើបអង្កេត ឬមធ្យោបាយផ្សេងទៀតសម្រាប់អ្នកស៊ើបអង្កេត ដើម្បីឈានទៅកំណត់ថា អ្នកណាអាចដាក់សារធាតុដែលបានរកឃើញនៅក្នុងតំបន់នេះ នោះទេ” ។
ទីភ្នាក់ងារនេះបានបន្ថែមថា ការធ្វើតេស្តមន្ទីរពិសោធន៍ FBI កាលពីថ្ងៃពុធ “មិនបានរកឃើញស្នាមម្រាមដៃច្បាស់លាស់ ហើយ DNA ក៏មិនគ្រប់គ្រាន់មានវត្តមានសម្រាប់ការប្រៀបធៀបការស៊ើបអង្កេត”នោះដែរ។
ទីភ្នាក់ងារនេះបានសន្និដ្ឋានថា ការខ្វះភស្តុតាងមានន័យថា អ្នកស៊ើបអង្កេត “នឹងមិនអាចផ្តោតទៅបុគ្គលដែលចាប់អារម្មណ៍ពីមនុស្សរាប់រយនាក់ដែលបានឆ្លងកាត់កន្លែងដាក់កូកាអ៊ីន ដែលត្រូវបានរកឃើញនោះដែរ” ។
នៅពេលនេះ ការស៊ើបអង្កេតរបស់សេវាសម្ងាត់ត្រូវបានបិទ ដោយសារតែខ្វះភស្តុតាងជាក់ស្តែង៕ ប្រែសម្រួលៈ ណៃ តុលា