ព័ត៌មានអន្តរជាតិ

រុស្សី ក្លាយជាដៃគូធ្វើពាណិជ្ជកម្មធំបំផុត ទី៥របស់ប្រទេសចិន

រូបភាពពី៖​ AFP

បរទេស៖ ប្រទេសរុស្សី បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុត ទី៥របស់ប្រទេសចិន ជាលើកដំបូងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង រវាងប្រទេសទាំងពីរក្នុងការជុំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមកចុងក្រោយនេះ។

យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញ ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលគយចិនបានបង្ហាញថា ចំណូលដែលបានមកពីពាណិជ្ជកម្មរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង បានកើនឡើងដល់កំណត់ត្រាក្នុងអំឡុងខែមករាដល់ខែមិថុនា ដោយឈានដល់១១៤,៥ពាន់លានដុល្លារ។

តួលេខនេះមានការកើនឡើង៤០,៦ភាគរយធៀបនឹងឆ្នាំមុន ហើយបានធធ្វើឲ្យរុស្ស៊ី ឈានចូលក្នុងបញ្ជីដៃគូពាណិជ្ជកម្មកំពូលទាំងប្រាំរបស់ចិន ជាលើកដំបូង នៅពីក្រោយសហរដ្ឋអាមេរិក ៣២៧,២ ពាន់លានដុល្លារ ជប៉ុន ១៥៧ ពាន់លានដុល្លារ កូរ៉េខាងត្បូង ១៥៣,៤ ពាន់លានដុល្លារ និងអូស្ត្រាលី ១១៦,១ ពាន់លានដុល្លារ។

ក្នុងនោះផងដែរគេមើលឃើញថា ការ​នាំ​ចេញ​និង​ការ​នាំ​ចូល​បាន​កើន​ឡើង​ក្នុង​កម្រិត​ពីរ​ខ្ទង់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក ហើយ​បន្ត​កើន​ឡើងនៅឡើយទោះបីជារុស្សី កំពុងបន្តទទួលទណ្ឌកម្មពីសំណាក់លោកខាងលិច និងអាមេរិក ក្តី៕ ប្រែសម្រួល៖ស៊ុនលី

To Top