បរទេស៖ ក្រុមអ្នកសង្កេតការណ៍នយោបាយ បានសម្តែងការព្រួយបារម្ភថា ការតវ៉ាដែលបង្កឡើងដោយការបរាជ័យរបស់មេដឹកនាំ Move Forward លោក Pita Limjaroenrat ក្នុងការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់សម្រាប់តំណែងនាយករដ្ឋមន្ត្រីអាចនឹងក្លាយទៅជាហិង្សា។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Gothom Arya សាស្ត្រាចារ្យនៅវិទ្យាស្ថានសិទ្ធិមនុស្ស និងសិក្សាសន្តិភាព នៃសាកលវិទ្យាល័យ Mahidol បាននិយាយថា មានឱកាសដែលអាជ្ញាធរអាចនឹងប្រើអំពើហិង្សា ដើម្បីបង្ក្រាបក្រុមបាតុករ ទោះបីជាលោកសង្ឃឹមថាមិនមានរឿងបែបនេះកើតឡើងក៏ដោយ។
លោក Gothom Arya ដែលជាអ្នកសិក្សាដែលធ្លាប់បម្រើការនៅគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បាននិយាយថា សេណារីយ៉ូដែលអាក្រក់បំផុតគឺថា គណបក្សឆ្ពោះទៅមុខផ្លាស់ប្តូរទាំងទៅជាកៅអីបក្សប្រឆាំង ឬត្រូវរំលាយ។
ទោះជាយ៉ាងណាក៏ដោយ លោកថា ភាគីទាំងអស់គួរតែរក្សាភាពស្ងប់ស្ងាត់ ហើយសមាជិកព្រឹទ្ធសភាគួរតែបោះឆ្នោតឱ្យលោក Pita ព្រោះថាវាជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ប្រទេសថៃ ក្នុងស្ថានភាពនយោបាយបច្ចុប្បន្នរបស់ខ្លួន។
លោកក៏បានព្រមានអ្នកគាំទ្រចលនាឆ្ពោះទៅមុខកុំឱ្យចាញ់បោកអ្នកដែលមានទស្សនៈជ្រុលនិយម ឬស្វែងរកញុះញង់ឱ្យមានអំពើហិង្សាផងដែរ។
ចំពោះបញ្ហាប្រឈមផ្លូវច្បាប់ដែល លោក Pita ប្រឈមមុខនឹងការកាន់កាប់ភាគហ៊ុន iTV ជាង ៤២ ០០០, លោក Gothom បាននិយាយថា គាត់មិនគិតថាករណីនេះមានគុណសម្បត្តិច្រើនទេព្រោះ iTV មិនមែនជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
កាលពីថ្ងៃពុធសប្តាហ៍មុន EC បានអំពាវនាវឱ្យតុលាការធម្មនុញ្ញដកសិទ្ធិ ពីលោក Pita ជុំវិញការចោទប្រកាន់លោកថា មានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ៕ ប្រែសម្រួលៈ ណៃ តុលា