ព័ត៌មានអន្តរជាតិ

គ្រាប់កាំភ្លើងយន្ត M855 និង M856 រាប់ម៉ឺនគ្រាប់, គ្រាប់បែកដៃ ៤០មិល្លីម៉ែត្រ ប្រហែល១ពាន់គ្រាប់ ត្រូវបានលួចចេញពីឃ្លាំងអាវុធរបស់ទ័ពជើងទឹកថៃ

បរទេស៖ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ ឧត្តមនាវីឯក Pokrong Monhatphalin បាននិយាយថា គណៈកម្មាធិការស៊ើបអង្កេតមួយត្រូវបានបង្កើតឡើងដើម្បីស្វែងរកថា អ្នកណាលួចគ្រាប់កាំភ្លើងពីឃ្លាំងអាវុធរបស់កងទ័ពជើងទឹកក្នុងខេត្តឈុនបុរី។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមនាវីឯក Pokrong Monhatphalin បាន​បន្ត​ថា គណៈកម្មាធិការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាម​បញ្ជា​របស់​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​លោក​ឧត្តមនាវីឯក Choengchai Chomchoengpaet។

ការអត្ថាធិប្បាយរបស់លោកធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយកាលពីថ្ងៃសៅរ៍នៃឯកសារលេចធ្លាយនៅលើទំព័រហ្វេសប៊ុកជាភាសាថៃ CSI LA ដែលត្រូវបានពិពណ៌នាថាជាកំណែដ៏អាក្រក់របស់វែបសាយ Wikileaks ។

លោក Pokrong បាន​ថ្លែង​ថា អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​លួច​គ្រាប់​ទាំងនោះ នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់ធ្ងរ។ លោក​បាន​បន្ត​ថា បុគ្គលិក​កងទ័ព​ជើង​ទឹក​ដែល​សង្ស័យ​ពី​ការ​លួច​នេះ គឺកំពុង​រត់​គេច​ខ្លួន។

ឯកសារដែលបង្ហោះដោយ CSI LA បានឱ្យដឹងថា គ្រាប់កាំភ្លើងយន្តប្រភេទ M855 និង M856 រាប់ម៉ឺនគ្រាប់ ព្រមទាំងគ្រាប់បែកដៃ ៤០ មិល្លីម៉ែត្រ ប្រហែល១ពាន់គ្រាប់ ត្រូវបានលួចចេញពីឃ្លាំងអាវុធ។

ការលួចនេះត្រូវបានរាយការណ៍ទៅកងទ័ពជើងទឹក ដោយកងម៉ារីនថៃ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៣ បន្ទាប់ពីសារពើភ័ណ្ឌប្រចាំឆ្នាំ នៃឃ្លាំងអាវុធរបស់កងទ័ពជើងទឹកនៃបញ្ជាការតំបន់កងទ័ពជើងទឹកទី១ (ផ្នែកអាវុធយុទ្ធភ័ណ្ឌនៃកងទ័ពជើងទឹកថៃ) ។ ការស៊ើបអង្កេតលម្អិតកំពុងដំណើរការ ដើម្បីកំណត់បរិមាណពិតប្រាកដ នៃគ្រាប់រំសេវដែលបាត់៕ ប្រែសម្រួលៈ ណៃ តុលា

To Top