បរទេស ៖ កងនាវាចរកងទ័ពជើងទឹកចិន បានចេញដំណើរកាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមជាមួយកងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ី នៅសមុទ្រជប៉ុន ក្នុងសមយុទ្ធមួយដែលមានគោលបំណង “ការពារសន្តិសុខផ្លូវទឹកជាយុទ្ធសាស្ត្រ”, នេះបើយោងតាមក្រសួងការពារជាតិ របស់ប្រទេសចិន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សមយុទ្ធនេះមានឈ្មោះថា “Northern/Interaction-2023” ជាការពង្រឹងកិច្ចសហប្រតិបត្តិការ យោធារវាងចិន និង រុស្ស៊ី ចាប់តាំងពីការលុកលុយរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន ហើយការលុកលុយនេះ ក៏កំពុងប្រព្រឹត្តទៅផងដែរ ខណៈដែលទីក្រុងប៉េកាំង នៅតែបន្តបដិសេធការ អំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យបន្តទំនាក់ទំនងយោធាឡើងវិញ។
កងនាវាចររបស់ចិន មាននាវាចម្បាំងចំនួន ៥ គ្រឿង និងនាវាដឹកឧទ្ធម្ភាគចក្រផ្ទុកចំនួន ៤ គ្រឿង បានចាកចេញពីកំពង់ផែ ភាគខាងកើតនៃទីក្រុង ហ្គីងដៅ ហើយនឹងជួបជាមួយកងកម្លាំងរុស្ស៊ីនៅក្នុង “តំបន់ដែលបានកំណត់ទុកជាមុន” ។ នេះបើតាមក្រសួងការពារជាតិចិន បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ។
កាលពីថ្ងៃសៅរ៍ ក្រសួងបាននិយាយថា កងកម្លាំងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ីនឹងចូលរួមក្នុង សមយុទ្ធដែលធ្វើឡើងនៅសមុទ្រជប៉ុន។ នេះជាលើកទីមួយហើយ ដែលកងកម្លាំងរុស្ស៊ីទាំងពីរចូលរួមក្នុងសមយុទ្ធនេះ, នេះបើតាមកាសែតរដ្ឋចិនGlobal Times បានដកស្រង់សម្តីអ្នក សង្កេតការណ៍យោធា ។
ហ្គ្រូគី និង សូវើសិន នី គឺ ជានាវាចម្បាំងរុស្ស៊ីពីរគ្រឿងដែលចូលរួម ក្នុងសមយុទ្ធសមុទ្រជប៉ុនកាលពីដើមខែនេះ បានធ្វើការហ្វឹកហាត់ ដាច់ដោយឡែក ជាមួយកងទ័ពជើងទឹកចិន ក្នុងទីក្រុងសៀងហៃ លើចលនាបង្កើតទំនាក់ទំនង និងការជួយសង្គ្រោះតាមសមុទ្រ។
មុនពេលបង្កើតកំពង់ផែនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងសៀងហៃ កប៉ាល់ដូចគ្នាបានធ្វើដំណើរឆ្លងកាត់តៃវ៉ាន់ និងជប៉ុន ដោយជំរុញឱ្យទីក្រុងតៃប៉ិ និងតូក្យូ ត្រួតពិនិត្យមើលទៅនាវាចម្បាំងរុស្ស៊ី។ ប៉ុន្មានថ្ងៃមុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសភាព ជាដៃគូ “គ្មានដែនកំណត់” ដែលមេដឹកនាំទាំងពីរ បាននិយាយថា មានគោលបំណងប្រឆាំង នឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា