បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសប្តេជ្ញាសងសឹកចំពោះការវាយប្រហារថ្មីមួយទៅលើស្ពានក្នុងតំបន់ Crimea ដោយយន្តហោះគ្មានមនុស្សបើករបស់កងទ័ពជើងទឹកអ៊ុយក្រែនចំនួនពីរគ្រឿង។
យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីបាននិយាយបែបនេះនៅក្នុងកិច្ចប្រជុំវិសាមញ្ញជាមួយមន្ត្រីជាន់ខ្ពស់កាលពីថ្ងៃចន្ទថា វិធានការច្បាស់លាស់កំពុងត្រូវបានថ្លឹងថ្លែងដោយក្រសួងការពារជាតិរបស់ប្រទេសនេះ។
គួរឲ្យដឹងដែរថឧបទ្ទវហេតុនេះ គឺជាការវាយប្រហារបែបភេរវកម្មចុងក្រោយមួយទៀត ដោយរបបរដ្ឋាភិបាលក្រុងគៀវដោយ លោកប្រធានាធិបតីរុស្សីបានសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មនេះមានសភាពឃោរឃៅ ដោយសារតែកន្លងមកមានតែជនស៊ីវិលស្លូតត្រង់ប៉ុណ្ណោះដែលត្រូវបានសម្លាប់ និងរងរបួស។
លោកប្រធានាធិបតីក៏បានអំពាវនាវឱ្យក្រុមមន្ត្រីបង្កើនវិធានការសន្តិសុខជុំវិញស្ពាននេះផងដែរ ទាំងផ្នែកផ្លូវគោក និងផ្លូវរថភ្លើងត្រូវបានខូចខាតយ៉ាង ធ្ងន់ធ្ងររួចម្តងហើយកាលពីខែតុលាឆ្នាំមុន នៅពេលដែលរថយន្តដឹកទំនិញផ្ទុកសារធាតុផ្ទុះត្រូវបានបំផ្ទុះនៅពីលើស្ពានមួយនេះ៕
ប្រែសម្រួល៖ស៊ុនលី