ព័ត៌មានអន្តរជាតិ

កូនស្រីរបស់លោក ថាក់ស៊ីន របស់គណបក្សភឿថៃ និយាយថា លោក Pita មានឱកាសតែម្តងទៀតប៉ុណ្ណោះ

រូបភាពពី៖​ AFP

បរទេស៖ ទីប្រឹក្សាជាន់ខ្ពស់គណបក្សភឿថៃ គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយនៅថ្ងៃអង្គារថា គណបក្សភឿថៃនឹងតែងតាំងលោក ស្រែថា ថាវីស៊ិន (Srettha Thavisin) ជានាយករដ្ឋមន្ត្រី ប្រសិនបើសម័យប្រជុំសភារួមគ្នា នៅបដិសេធការតែងតាំងមេដឹកនាំចលនាឆ្ពោះទៅមុខ គឺលោក Pita Limjaroenrat នៅថ្ងៃពុធ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងបញ្ជីរបស់បក្សភឿថៃ បាននិយាយថា “គណបក្សភឿថៃនឹងតែងតាំងលោក ស្រែថា ថាវីស៊ីន, នេះគឺច្បាស់ណាស់”។

លោកស្រីថា មុនពេលតែងតាំងលោក ស្រែថា គឺគណបក្សភឿថៃនឹងគាំទ្រយ៉ាងពេញទំហឹងដល់លោក Pita ជានាយករដ្ឋមន្ត្រី។ លោកស្រីបានបន្តថា ប្រសិនបើសភានៅតែបដិសេធលោក Pita នោះមានតែគណបក្សភឿថៃនឹងតែងតាំងលោកស្រែថា។

លោក Pita មេដឹកនាំគណបក្សឆ្ពោះទៅមុខ ឬ Move Forward បានបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើនដែលត្រូវការក្នុងអំឡុងពេលការប្រជុំរួមគ្នា នៃសភា និងព្រឹទ្ធសភាកាលពីថ្ងៃទី ១៣ ខែកក្កដា។

បក្សសម្ព័ន្ធមិត្តចម្រុះទាំងប្រាំបីបានសម្រេចចិត្តកាលពីថ្ងៃចន្ទថា ពួកគេនឹងតែងតាំងលោក Pita ទៅកាន់សភានៅថ្ងៃពុធ បើទោះបីជាឥស្សរជនសំខាន់របស់ភឿថៃបាននិយាយថា ការតែងតាំងលោក Pita មិនអាចបន្តជារៀងរហូតក៏ដោយ។

នៅថ្ងៃអង្គារ លោកស្រីស្រី ផែតងតាន ស៊ីណាវ៉ាត្រា បាននិយាយថា លោកស្រីគាំទ្រលោកស្រែថា ដោយសារតែគាត់មានចំណេះដឹងផ្នែកជំនួញ និងសេដ្ឋកិច្ច។ លោក ស្រែថា ជាអតីតប្រធានអាណាចក្រអចលនទ្រព្យ Sansiri ៕ ប្រែសម្រួលៈ ណៃ តុលា

To Top