អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) បានថ្លែងថា លោកមានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ប្រទេសរុស្ស៊ី ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀង គំនិតផ្តួចផ្តើមនាំគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ។
លោក Guterres បានថ្លែងថា “ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហព័ន្ធរុស្ស៊ី នៅក្នុងការបញ្ចប់ការអនុវត្តគំនិតផ្តួចផ្តើម នៅសមុទ្រខ្មៅ រួមទាំងការដកការធានាសន្តិសុខរបស់ប្រទេសរុស្ស៊ី សម្រាប់ការធ្វើនាវាចរនៅក្នុងតំបន់ ភាគពាយ័ព្យនៃសមុទ្រខ្មៅ” ។
ទាក់ទិននឹងការសម្រេចចិត្ត បញ្ចប់គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ នៅសមុទ្រខ្មៅ ប្រទេសរុស្ស៊ី ក៏បានបញ្ចប់ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយសម្រួលដល់ការនាំចេញអាហារ ប្រេង ផ្កាឈូករ័ត្ន និងជី ដែលមិនមានការហាមឃាត់ពីកំពង់ផែសមុទ្រខ្មៅ ដែលគ្រប់គ្រងដោយប្រទេសអ៊ុយក្រែន ដូចដែលបានបង្ហាញ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា រវាងប្រទេសរុស្ស៊ី និងអង្គការសហប្រជាជាតិ ។ លោកអគ្គលេខាធិការ បានប្រាប់ដល់សន្និសីទសារព័ត៌មាន នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក ថាយ៉ាងដូច្នេះ ។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះបានធានាការឆ្លងកាត់ ប្រកបដោយសុវត្ថិភាពនៃទំនិញ ម្ហូបអាហារជាង ៣២លានតោន ពីកំពង់ផែរបស់ប្រទេសអ៊ុយក្រែន ។ លោក Guterres បានកត់សម្គាល់ថា កម្មវិធីស្បៀងអាហារពិភពលោកបានដឹកជញ្ជូនជាង ៧២៥.០០០តោន ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ កាត់បន្ថយភាពអត់ឃ្លាននៅក្នុងជ្រុងមួយចំនួន នៃពិភពលោកដែលរងគ្រោះខ្លាំងបំផុត រួមទាំងអាហ្វហ្គានីស្ថាន ស្នែងអាហ្វ្រិក និងយេម៉ែនផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា