តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលកំពូល បានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមលើរុស្ស៊ី ជុំវិញការឈ្លានពាន របស់ខ្លួនលើអ៊ុយក្រែន ដោយប្រទេសលោកខាងលិចបានសម្រេចពង្រឹងការហាមឃាត់លើការនាំចេញយានយន្ត។
ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាល នឹងពិភាក្សាអំពីជំហានជាក់ស្តែង ដែលប្រទេសជប៉ុននឹងចាត់វិធានការ “ចំពោះវិធានការដាក់ទណ្ឌកម្មរបស់អឺរ៉ុប និងសហរដ្ឋអាមេរិក” ដោយបន្ថែមថា គ្មានអ្វីត្រូវបានសម្រេចនោះទេ។
ខណៈពេលដែលប្រទេសជប៉ុន បានហាមឃាត់ការដឹកជញ្ជូន ទៅកាន់ប្រទេសរុស្ស៊ី នូវរថយន្តទំនើបមានតម្លៃជាង ៦លានយ៉េន (៤៣០០០ ដុល្លារ) ចាប់តាំងពីខែមេសា ឆ្នាំមុន ការដាក់ទណ្ឌកម្មបន្ថែម ដែលបានគ្រោងទុកអាចគ្របដណ្តប់លើរថយន្តជជុះ ដែលមានតម្លៃថោក ដែលមានតម្រូវការខ្ពស់នៅក្នុងប្រទេសរុស្ស៊ី។
លោក Matsuno ក៏បានរិះគន់ការដកខ្លួនរបស់រុស្ស៊ី ពីកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន តាមរយៈសមុទ្រខ្មៅ ដោយថាការសម្រេចចិត្តនេះគឺ “គួរឱ្យសោកស្តាយបំផុត” ហើយប្រទេសជប៉ុន នឹងតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់របស់វាទៅលើការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។
លោក Matsuno បានលើកឡើងថា ដោយសហការជាមួយក្រុមប្រទេសទាំង៧ និងសហគមន៍អន្តរជាតិ ប្រទេសជប៉ុននឹង “ជំរុញយ៉ាងខ្លាំងដល់ប្រទេស រុស្ស៊ី ឱ្យត្រលប់ទៅក្របខ័ណ្ឌការនាំចេញគ្រាប់ធញ្ញជាតិវិញ ដើម្បីធានាបាននូវគំនិតផ្តួចផ្តើមចាប់ផ្តើមឡើងវិញ”៕
ប្រែសម្រួល ឈូក បូរ៉ា