តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ា រួមទាំងកាតា ដើម្បីទទួលបានការផ្គត់ផ្គង់ឥន្ធនៈហ្វូស៊ីល ប្រកបដោយស្ថិរភាព ដល់ប្រទេសអាស៊ី ដែលក្រីក្រធនធានពីដែនថាមពល។
នៅទីក្រុងដូហា លោក គីស៊ីដា បានជួបជាមួយអធិរាជ របស់ប្រទេសកាតា Sheikh Tamim bin Hamad al-Thani បន្ទាប់ពីបានធ្វើទស្សនកិច្ច នៅអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមអស់ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃអាទិត្យ ដើម្បីពង្រឹង “ការទូតធនធាន” ជាមួយតំបន់មជ្ឈិមបូព៌ា ដែលប្រទេសចិន បានបង្កើនឥទ្ធិពលរបស់ខ្លួននាពេលថ្មីៗនេះ ។
ដោយសារមជ្ឈឹមបូព៌ាមាន សារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់ប្រទេសជប៉ុន ដែលពឹងផ្អែកលើការនាំចូលជាង ៩០ភាគរយនៃតម្រូវការថាមពលរបស់ខ្លួន ប្រទេសអាស៊ីនេះបានព្យាយាមជាយូរមកហើយ ដើម្បីរក្សាទំនាក់ទំនងមិត្តភាពជាមួយបណ្តាប្រទេស នៅក្នុងតំបន់ ដែលសម្បូរធនធាន។
ក្រុមអ្នកវិភាគបានឲ្យដឹងថា ជាមួយនឹងការផ្លាស់ប្តូរតម្លៃថាមពលសកល បានក្លាយជាមិនច្បាស់លាស់ ចាប់តាំងពីប្រទេសរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២ ប្រទេសជប៉ុន បានបង្កើនការចង់ចាត់វិធានការចាំបាច់ ដើម្បីទិញប្រេងឆៅ និងឧស្ម័នធម្មជាតិ រាវពីមជ្ឈិមបូព៌ាជាលំដាប់។
ទន្ទឹមនឹងនោះ ប្រទេសជាច្រើន នៅមជ្ឈិមបូព៌ា បាននិងកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកប្រេងរបស់ពួកគេ ដោយហេតុថាតម្លៃនៃឥន្ធនៈហ្វូស៊ីល អាចនឹងថយចុះនាពេលអនាគត ចំពេលមាននិន្នាការកាត់បន្ថយកាបូនសកល។
នេះជាលើកទីមួយហើយ ដែលនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើទស្សនកិច្ចនៅមជ្ឈិមបូព៌ាក្នុងរយៈពេលជាងបីឆ្នាំ។ ក្នុងអំឡុងពេលនោះ ប្រទេសចិន បានបង្កើនឥទ្ធិពលរបស់ខ្លួននៅទីនោះ ដោយធ្វើសកម្មភាព ដូចជាការសម្របសម្រួលកិច្ចព្រមព្រៀង ដើម្បីបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ៕
ប្រែសម្រួល ឈូក បូរ៉ា