បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកយោធាអាមេរិកម្នាក់ បានសម្រេចចិត្តឆ្លងកាត់ តំបន់គ្មានយោធា ឬDMZ ចូលទៅក្នុងប្រទេសកូរ៉េខាងជើង ដោយខ្លួនឯង។
ប្រភពដដែលបានសរសេរទៀតថា ហេតុការណ៍នេះបានកើតឡើង នៅពេលដែលយោធារូបនេះកំពុងប្រឈមមុខនឹង នីតិវិធីវិន័យត្រឡប់ទៅប្រទេសកំណើតវិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សកម្មភាពរបស់គាត់បែរជា បានបង្កើតវិបត្តិមួយផ្សេងទៀត នៅលើឧបទ្វីបនេះចំពេលមានភាពតានតឹង នុយក្លេអ៊ែរកើនឡើងខ្លាំងនោះ។
គួរឲ្យដឹងដែរថាយោធាដែល មិនស្គាល់អត្តសញ្ញាណរូបនេះ បានធ្វើដំណើរតម្រង់ទិសនៃតំបន់សន្តិសុខរួម នៅឯភូមិដែលជាភូមិមានកិច្ចព្រមព្រៀង បទឈប់បាញ់ឈ្មោះថា Panmunjom នៅពេលនោះហើយដែលគាត់បាន បត់ឆ្លងខ្សែបន្ទាត់ព្រំដែនចូលទៅក្នុងកូរ៉េខាងជើង។
ឧបទ្ទវហេតុនេះគឺជាហេតុការណ៍លើកដំបូង ដោយយោធាអាមេរិកក្នុងរយៈពេលជិតប្រាំឆ្នាំ ចុងក្រោយហើយ វាកើតឡើងនៅពេលដែលក្រុងព្យុងយ៉ាង និងវ៉ាស៊ីនតោនកំពុងឈ្លោះគ្នាជុំវិញការបង្ករឿង ដែលភាគីទាំងសងខាង រួមទាំងការសាកល្បងកាំជ្រួចដោយកូរ៉េខាងជើង និងសមយុទ្ធទ្រង់ទ្រាយធំដោយយោធាអាមេរិក និងកូរ៉េខាងត្បូងផងនោះ៕
ប្រែសម្រួល៖ ស៊ុន លី