COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ថា មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានលើកឡើងយ៉ាងដូច្នេះថា “តម្រូវការជាចាំបាច់បំផុត និង ជាបន្ទាន់” ដើម្បីដោះស្រាយវិបត្តិអាកាសធាតុអាក្រក់ ដែលបណ្តាលឲ្យ មានអ្នកស្លាប់ចំនួន ៦០.០០០នាក់ នៅអឺរ៉ុបកាលពីឆ្នាំមុន ដោយសារតែកំដៅខ្លាំង ។
លោក Hans Kluge នាយកប្រចាំតំបន់ របស់អង្គការ សុខភាពពិភពលោក ប្រចាំតំបន់អឺរ៉ុប បានថ្លែងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ ដោយសារការកើនឡើង កម្តៅខ្លាំង “ត្រូវបានកំណត់ថា នឹងកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ” ។
លោក Kluge បានថ្លែងថា “តំបន់គ្រោះថ្នាក់” នាពេលបច្ចុប្បន្ន រួមមាន នៅអឺរ៉ុបខាងត្បូង និងភាគខាងកើត ដោយជំរុញឱ្យសាធារណជន “ពិនិត្យមើលរបាយការណ៍អាកាសធាតុឱ្យបានទៀងទាត់ ធ្វើតាមការណែនាំ នៅក្នុងតំបន់ និងប្រាប់ខ្លួនអ្នកអំពីហានិភ័យ សុខភាពទាក់ទងនឹងអាកាស ធាតុពីប្រភពដែលគេស្គាល់ច្បាស់” ។
គាត់បានថ្លែងថា “លើសពីការសម្របខ្លួនទៅនឹងការពិតថ្មី របស់យើងនៅរដូវក្តៅនេះ យើងត្រូវសម្លឹងមើលទៅឆ្នាំក្រោយៗ និងទសវត្សរ៍ខាងមុខទៀត” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា