ប៉េកាំង៖ បេសកជនរបស់ប្រទេសចិន បានអំពាវនាវឱ្យមាន ពហុភាគីនិយមពិតប្រាកដ ក្នុងការអភិវឌ្ឍន៍ការគ្រប់គ្រង បញ្ញាសិប្បនិម្មិត (AI) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាកង់ារសារព័ត៌មានចិនស៊ិនហួ។
លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ក្នុងនាមជាដាវមុខពីរ ថាតើ AI ល្អ ឬអាក្រក់ គឺអាស្រ័យលើរបៀប ដែលវាត្រូវបានប្រើប្រាស់ និងគ្រប់គ្រង និងរបៀបធ្វើឱ្យមានតុល្យភាពនៃការអភិវឌ្ឍន៍ និងសន្តិសុខ។
លោកបានលើកឡើងថា “សហគមន៍អន្តរជាតិ គួរតែលើកតម្កើងស្មារតីនៃពហុភាគីនិយមពិតប្រាកដ ចូលរួមក្នុងកិច្ចសន្ទនាទូលំទូលាយ ស្វែងរកការឯកភាពគ្នាជានិច្ច និងស្វែងយល់ពីការអភិវឌ្ឍន៍គោលការណ៍ណែនាំ សម្រាប់អភិបាលកិច្ច AI”។
ប្រទេសចិនគាំទ្រតួនាទីសម្របសម្រួលកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងរឿងនេះ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក្នុងការពិភាក្សាស៊ីជម្រៅក្នុងចំណោមភាគីទាំងអស់ ក៏ដូចជាការចូលរួមយ៉ាងពេញលេញនៃប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការចូលរួម។ លោកបានបន្តថា ក្នុងបុព្វហេតុនេះ និងធ្វើការរួមចំណែកដោយខ្លួនឯង។
លោក Zhang បានសង្កត់ធ្ងន់លើគោលការណ៍នៃការដាក់ក្រមសីលធម៌ជាដំបូងក្នុងការអភិវឌ្ឍន៍ AI ។ ផលប៉ះពាល់សក្តានុពលនៃ AI អាចលើសពីព្រំដែននៃការយល់ដឹងរបស់មនុស្ស ដើម្បីធានាថា បច្ចេកវិទ្យានេះតែងតែផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ ចាំបាច់ត្រូវប្រកាន់យកវិធីសាស្រ្តដែលផ្តោតលើមនុស្ស និង AI-for-good ។
លោកបានបន្ដថា ដោយផ្អែកលើវិធីសាស្រ្តនេះ កិច្ចខិតខំប្រឹងប្រែងគួរតែត្រូវបានធ្វើឡើង ដើម្បីបង្កើត និងកែលម្អជាបណ្តើរៗនូវបទដ្ឋានសីលធម៌ ច្បាប់ បទប្បញ្ញត្តិ និងប្រព័ន្ធគោលនយោបាយសម្រាប់ AI ។
លោកបានបន្ថែមថា មានភាពមិនច្បាស់លាស់ជាច្រើន ក្នុងការអភិវឌ្ឍន៍ និងការអនុវត្តបច្ចេកវិទ្យា ដែលទាក់ទងនឹង AI ហើយសុវត្ថិភាពគឺជាចំណុចសំខាន់ដែលត្រូវតែប្រកាន់ខ្ជាប់។
លោកបានបញ្ជាក់ទៀតថា “សហគមន៍អន្តរជាតិ ត្រូវការបង្កើនការយល់ដឹងអំពីហានិភ័យ បង្កើតយន្តការព្រមាន និងការឆ្លើយតបហានិភ័យប្រកបដោយប្រសិទ្ធភាព ធានាថា ហានិភ័យលើសពីការគ្រប់គ្រងរបស់មនុស្សមិនកើតឡើង ហើយធានាថាការសម្លាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិមិនកើតឡើងនោះទេ”។ “យើងត្រូវពង្រឹងការរកឃើញ និងការវាយតម្លៃនៃវដ្តជីវិតទាំងមូលនៃ AI ដោយធានាថា មនុស្សជាតិមានសមត្ថភាពក្នុងការចុចប៊ូតុងបញ្ឈប់នៅពេលដ៏សំខាន់”៕
ប្រែសម្រួល ឈូក បូរ៉ា