ព័ត៌មានអន្តរជាតិ

អឺរ៉ុប នឹងដាក់ទណ្ឌកម្មយោធា ប្រឆាំងនឹងសម្ព័ន្ធមិត្ត ដ៏សំខាន់របស់រុស្ស៊ី

បរទេស ៖ បណ្តាប្រទេសសហភាពអឺរ៉ុប បានយល់ព្រមក្រៅផ្លូវការ ចំពោះការដាក់ទណ្ឌកម្ម ផ្នែកយោធាថ្មីប្រឆាំងនឹង សម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី គឺប្រទេសបេឡារុស្ស, នេះបើតាមអ្នកការទូតអឺរ៉ុប ដែលមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Politico ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា កញ្ចប់ថ្មីនេះ នឹងដាក់ការទប់ស្កាត់ លើការផ្គត់ផ្គង់ឧបករណ៍សមរភូមិ រួមទាំងផ្នែកអាកាសចរណ៍ ទៅកាន់ទីក្រុង Minsk (បេឡារុស្ស)។

យោងតាមប្រភពបានឱ្យដឹងថា បញ្ជីនៃវត្ថុដាក់កំហិតនឹងឆ្លុះបញ្ចាំង ពីទណ្ឌកម្មដែលដាក់កាលពីមុនដោយទីក្រុងប្រ៊ុចសែល លើទីក្រុងមូស្គូ ជុំវិញជម្លោះនៅអ៊ុយក្រែន ។

ក្រុមអ្នកការទូតបាននិយាយថា កញ្ចប់នេះមានគោលបំណងរារាំង សមាសធាតុយោធា ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានផ្គត់ផ្គង់ដោយខុសច្បាប់ ដល់ប្រទេសរុស្ស៊ី តាមរយៈប្រទេសបេឡារុស្ស។ ទណ្ឌកម្មថ្មីនេះត្រូវ បានគេមើលឃើញថា ជាការបោះជំហានឆ្ពោះ ទៅរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយ របស់សហភាពអឺរ៉ុប ដើម្បីដាក់កម្រិតទីក្រុង Minsk។

ប្រភពបាននិយាយថា គណៈកម្មការអឺរ៉ុបគួរតែបញ្ជូនឯកសារ ដែលរៀបរាប់លម្អិត ពីការរឹតត្បិត ផ្នែកយោធាទៅកាន់អ្នកការទូត របស់ប្លុកនេះឱ្យបានឆាប់នៅថ្ងៃពុធ។ ពួកគេបានបន្ថែមថា ឯកអគ្គរដ្ឋទូតរងរបស់សហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងអនុម័តដាក់ទណ្ឌកម្មប្រឆាំង នឹងទីក្រុង Minsk នៅសប្តាហ៍ក្រោយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top