ព័ត៌មានអន្តរជាតិ

ថៃ៖ ប៉ូលីសចូលឆែកផ្ទះជនសង្ស័យដែលលួចគ្រាប់កាំភ្លើងយន្ត រាប់ម៉ឺនគ្រាប់ពីមូលដ្ឋានទ័ពជើងទឹក រកឃើញធុងដាក់គ្រាប់ជាច្រើន

បរទេស៖ កងទ័ពជើងទឹក របស់ថៃ បានសម្រេចចិត្តនឹងបណ្តេញមន្ត្រីម្នាក់ ដោយសារអវត្តមានរយៈពេលយូរពីការងារ ចំពេលមានការចោទប្រកាន់ថា បានលួចគ្រាប់កាំភ្លើងក្នុងបរិមាណច្រើនពីមូលដ្ឋានទ័ពជើងទឹកក្នុងខេត្តឈុនបុរី។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក Pokkrong Monhatphalin បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មន្ត្រីរូបនេះបានអវត្តមានដោយគ្មានច្បាប់ចាប់តាំងពីថ្ងៃទី៥ ខែកក្កដា។ លោកបានបន្ថែមថា កងទ័ពជើងទឹកនឹងស្នើទៅក្រសួងការពារជាតិដើម្បីបណ្តេញគាត់ និងសុំដីកាចាប់ខ្លួនពីតុលាការយោធា។

លោកថ្លែងដោយមិនបញ្ចេញឈ្មោះជនសង្ស័យថា «កងទ័ពជើងទឹកមិនព្រងើយកន្តើយទេ ហើយនឹងស្វែងរកអ្នកប្រព្រឹត្តខុស ឱ្យបានឆាប់រហ័ស ដើម្បីចាត់វិធានការតាមវិន័យ និងបទឧក្រិដ្ឋ»។

ប្រភពបានឲ្យដឹងថា ជនសង្ស័យគឺជានាយទាហានថ្នាក់ទី២ ដែលមើលការខុសត្រូវលើឃ្លាំងអាវុធនៅមូលដ្ឋានទ័ពជើងទឹក Sattahip ក្នុងខេត្តឈុនបុរី។

លោក Pokkrong បាននិយាយថា ការឆែកឆេរនៅផ្ទះជនសង្ស័យកាលពីថ្ងៃពុធ បានរកឃើញប្រអប់ដាក់គ្រាប់កាំភ្លើងដែលលួចបាន ដែលសបញ្ជាក់ឱ្យឃើញថា មន្ត្រីរូបនេះបានលួចគ្រាប់កាំភ្លើងជាច្រើនគ្រាប់ចេញពីមូលដ្ឋាន។

វាត្រូវបានគេរាយការណ៍ថា មូលដ្ឋាននេះបានបាត់បង់គ្រាប់កាំភ្លើងយន្តហោះប្រភេទ M855 និង M856 រាប់ម៉ឺនគ្រាប់សម្រាប់កាំភ្លើង 5.56 មីលីម៉ែត្រ និងគ្រាប់កាំភ្លើង ៤០ មីលីម៉ែត្ររាប់ពាន់គ្រាប់៕ ប្រែសម្រួលៈ ណៃ តុលា

To Top