ព័ត៌មានអន្តរជាតិ

តួកគី និងអារ៉ាប់រួម ចុះកិច្ចព្រមព្រៀងទ្វេភាគី ដែលមានតម្លៃជាង ៥០ពាន់លានដុល្លារ

រូបភាពពី៖​ XINHUA

អង់ការ៉ា៖ ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា ប្រទេសតួកគី និងប្រទេសអារ៉ាប់រួម​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទ្វេភាគីចំនួន ១៣ ដែលមានតម្លៃ ៥០,៧ ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោកគីលោក Recep Tayyip Erdogan ទៅកាន់ទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃពុធ។

កិច្ចព្រមព្រៀងដែលគ្របដណ្តប់លើថាមពល ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារ ពាណិជ្ជកម្មអេឡិចត្រូនិក ហិរញ្ញវត្ថុ សុខភាព អាហារ ទេសចរណ៍ អចលនទ្រព្យ សំណង់ ឧស្សាហកម្មការពារជាតិ បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាទំនើបត្រូវបានចុះហត្ថលេខានៅចំពោះមុខលោក Erdogan និងប្រធានាធិបតីអារ៉ាប់រួម Sheikh Mohamed bin Zayed Al Nahyan ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់លោក Erdogan បានឲ្យដឹងថា កិច្ចព្រមព្រៀងនឹង “បង្កើនទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរដល់កម្រិត នៃភាពជាដៃគូយុទ្ធសាស្ត្រ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

សេចក្តីថ្លែងការណ៍ក៏បានឲ្យដឹងផងដែរថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបង្កើតក្រុមប្រឹក្សាយុទ្ធសាស្ត្រកម្រិតខ្ពស់ទ្វេភាគី ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង។ លោក Erdogan បានចាប់ផ្តើមដំណើរទេសចរណ៍ឈូងសមុទ្ររយៈពេល ៣ថ្ងៃកាលពីថ្ងៃចន្ទពីប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់មកគឺប្រទេសកាតា និងអារ៉ាប់រួម ដោយមានគោលបំណងធានានូវកិច្ចព្រមព្រៀង សម្រាប់ការវិនិយោគ និងហិរញ្ញវត្ថុ។

ទីក្រុងអង់ការ៉ា កំពុងស្វែងរកការកែលម្អទំនាក់ទំនងរបស់ខ្លួន ជាមួយបណ្តាប្រទេសឈូងសមុទ្រ បន្ទាប់ពីភាពតានតឹងជាច្រើនឆ្នាំ។ កាលពីឆ្នាំមុន អេមីរ៉ាតអារ៉ាប់រួម បានឈានដល់កិច្ចព្រមព្រៀងផ្លាស់ប្តូរតម្លៃ ៥ ពាន់លានដុល្លារជាមួយតួកគីជារូបិយប័ណ្ណក្នុងស្រុក ដើម្បីគាំទ្រដល់ប្រាក់លីរ៉ាតួកគី ដែលកំពុងតស៊ូ ដែលជាសញ្ញានៃទំនាក់ទំនងការទូតកាន់តែក្តៅ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top