បរទេស៖ គណបក្សឆ្ពោះទៅមុខ ឬ Move Forward កាលពីថ្ងៃព្រហស្បតិ៍បានដាក់ពង្រាងច្បាប់មួយដើម្បីស្វែងរកការលុបចោលបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (Isoc) ដែលគណបក្សនេះបានស្តីបន្ទោសចំពោះជម្លោះនៅក្នុងតំបន់ភាគតិចមូស្លីមនៅភាគខាងត្បូង ប្រទេសថៃ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក រ៉ូម៉ាដុន ប៉ាន់ជូ (Romadon Panjor) សមាជិកសភាក្នុងបញ្ជីគណបក្ស Move Forward បាននិយាយនៅក្នុងហ្វេសប៊ុករបស់លោកថា សេចក្តីព្រាងច្បាប់នេះ ស្នើឡើងដោយសមាជិកសភាប្រហែល ៣០ រូបរបស់គណបក្ស ត្រូវបានដាក់ជូនប្រធានសភាលោក វ៉ាន់ មូហាម៉េដ ណ ម៉ាថា (Wan Muhamad Noor Matha) ដើម្បីពិភាក្សាដោយសភាតំណាងរាស្រ្ត។
លោក រ៉ូម៉ាដុន បាននិយាយនៅក្នុងការបង្ហោះហ្វេសប៊ុករបស់លោកថា “ការពិនិត្យបានចាប់ផ្តើមនៅថ្ងៃនេះសម្រាប់បញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងដែលនឹងត្រូវរំលាយ បន្ទាប់ពីសេចក្តីព្រាងលុបចោលច្បាប់ Isoc ត្រូវបានប្រគល់ទៅឱ្យប្រធានសភា”។
លោកបាននិយាយថា “នេះគឺជាច្បាប់មួយក្នុងចំណោមច្បាប់ទាំងប្រាំដែលស្វែងរកការកែទម្រង់យោធា” ដោយបន្ថែមថា គោលដៅគឺអនុញ្ញាតឱ្យជនស៊ីវិលអាចគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធថៃបាន។
អ្នកនយោបាយមូស្លីមរូបនេះបាននិយាយថា សមាជិកសភាក្នុងគណបក្សចលនាឆ្ពោះទៅមុខក៏បានដាក់ញត្តិស្វែងរកការបង្កើតគណៈកម្មាធិការសភាស្តីពីការកសាងសន្តិភាពនៅក្នុងតំបន់ព្រំដែនភាគខាងត្បូង ផងដែរ។
លោកបានបន្តថា ទាំងនេះគឺជាផ្នែកមួយនៃការសន្យាយុទ្ធនាការរបស់គណបក្សលោកក្នុងការកាត់បន្ថយតួនាទីយោធា និងការបង្កើនការចូលរួមរបស់ជនស៊ីវិលក្នុងការដោះស្រាយអំពើហិង្សាក្នុងតំបន់ដែលមានបញ្ហា។
តំបន់ភាគខាងត្បូងភាគតិចមូស្លីមមានបញ្ហា ដោយការបះបោរអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។ ជម្លោះបានផ្ទុះឡើងម្តងទៀតនៅថ្ងៃទី៤ ខែមករា ឆ្នាំ ២០០៤ នៅពេលដែលពួកបះបោរប្រដាប់អាវុធបានវាយឆ្មក់ ជំរុំយោធាមួយក្នុងខេត្តណារ៉ាធីវ៉ាត់ និងរឹបអូសបានអាវុធចំនួន ៤១៣1ដើម។
ចាប់តាំងពីថ្ងៃនោះមក ការវាយប្រហារទាក់ទងនឹងសន្តិសុខចំនួន ១០ ៣៧៦ នៅក្នុងតំបន់បានបណ្តាលឲ្យមនុស្សចំនួន ៤ ១៦០នាក់បានស្លាប់ និង ១១ ១៦៩ នាក់ផ្សេងទៀតបានរងរបួស។ យោធាថៃត្រូវបានផ្តល់អំណាចពិសេសក្នុងតំបន់ដែលស្ថិតក្រោមច្បាប់អាជ្ញាសឹកតាំងពីឆ្នាំ២០០៤មក៕ ប្រែសម្រួលៈ ណៃ តុលា