បរទេស ៖ យោងតាមមេដឹកនាំតំបន់គ្រីមៀគឺលោក Sergey Aksyonov បានឱ្យដឹងថា ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក គឺបានបំផ្លាញអគារយ៉ាង ហោចណាស់ចំនួន៤ និងបានសម្លាប់ក្មេងស្រីវ័យក្មេងម្នាក់ នៅភាគពាយព្យតំបន់គ្រីមៀ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Aksyonov បានអះអាងនៅលើ Telegram ភ្លាមៗបន្ទាប់ពីម៉ោង ៦ ព្រឹកម៉ោងក្នុងស្រុក ដោយមិនបានបញ្ជាក់ពីទីតាំងពិតប្រាកដនៃការវាយប្រហារនេះថា ជាលទ្ធផលនៃការវាយប្រហារ “យន្តហោះគ្មានមនុស្សបើករបស់សត្រូវ” “អគាររដ្ឋបាលចំនួនបួន” ត្រូវបានខូចខាត និងយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់។ លោក Aksyonov បានសរសេរថា “ជាអកុសល … ក្មេងស្រីជំទង់ម្នាក់បានស្លាប់” ។
មន្ត្រីរូបនេះបានសម្តែងនូវ «ការចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ» និងបានសន្យាថានឹងផ្តល់ «ការគាំទ្រចាំបាច់ទាំងអស់ដល់ក្រុមគ្រួសារជនរងគ្រោះ» ។ ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីការវាយប្រហារ របស់អ៊ុយក្រែនជាបន្តបន្ទាប់លើឧបទ្វីបរុស្ស៊ី ក្នុងសប្តាហ៍នេះ។
កាលពីព្រឹកថ្ងៃពុធ ការវាយប្រហារដោយយន្តហោះគ្មានមនុស្ស បើកដែលសង្ស័យថាបានបង្កឱ្យមានអគ្គីភ័យ និងការផ្ទុះជាបន្តបន្ទាប់ នៅឯឃ្លាំងអាវុធមួយកន្លែងនៅភាគខាងកើតគ្រីមៀ។ អាជ្ញាធរក្នុងតំបន់បានបិទផ្នែកមួយ នៃផ្លូវហាយវេ Tavrida ដែលរត់កាត់ឧបទ្វីបនេះ ហើយបានចេញបញ្ជាជម្លៀសមនុស្សប្រហែល ២ ២០០ នាក់នៅក្នុងភូមិចំនួនបួននៅក្បែរនោះ។
កាលពីថ្ងៃអង្គារ កងការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន ២៨ គ្រឿង ដែលសំដៅលើទីតាំងជាច្រើននៅទូទាំងគ្រីមៀ៕
ប្រែសម្រួលៈ ណៃ តុលា