បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយកាលពីថ្ងៃពុធថា មនុស្សជិត ៣ ៨០០ នាក់ត្រូវបានឃុំខ្លួនក្នុងអំឡុងពេល ភាពចលាចលរយៈពេលមួយសប្តាហ៍ ដែលបានកើតឡើងនៅក្នុងប្រទេសបារាំង បន្ទាប់ពីការបាញ់ប្រហាររបស់ប៉ូលីស បណ្តាលឲ្យស្លាប់ក្មេងជំទង់ នៅជិតទីក្រុងប៉ារីស។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Darmanin បាននិយាយក្នុងអំឡុងសវនាការ នៅគណៈកម្មការច្បាប់របស់សភាថា “សរុបទាំងអស់ មនុស្សជិត ៣ ៨០០ នាក់ត្រូវបានចាប់ខ្លួន និងត្រូវបានដកចេញពីផ្លូវ ដោយរារាំងពួកគេមិនឱ្យធ្វើការបំផ្លាញ និងវាយប្រហារអគារសាធារណៈ និងអ្នកផ្សេងទៀត” ។
លោករដ្ឋមន្ត្រីបាននិយាយថា ប៉ូលីសបានវិភាគរូបភាព របស់កាមេរ៉ាតាមដងផ្លូវ បន្ទាប់ពីកុប្បកម្ម ដើម្បីកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យចំនួន ៣៤៥ នាក់បន្ថែមទៀតដោយជោគជ័យ។
លោក Darmanin បានប៉ាន់ប្រមាណថា មួយភាគបីនៃអ្នកដែលត្រូវបាន ឃុំខ្លួនក្នុងអំឡុងពេលសប្តាហ៍នៃ ភាពចលាចលគឺជាកុបកម្មដែលមានវ័យក្មេងៗ។ អាយុជាមធ្យមនៃមនុស្ស ដែលត្រូវបានគេឃុំឃាំងគឺ ១៧ឆ្នាំ ទៅ១៨ឆ្នាំ ហើយ ៩០ភាគរយ ជាជនជាតិបារាំង និង ប្រហែល ៦០ភាគរយនៃពួកគេមិនមាន កំណត់ត្រារបស់ប៉ូលីសពីមុននោះទេ។
សូមជម្រាបថា ប៉ូលីសបានសម្លាប់ក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់មានដើមកំណើតអាហ្វ្រិកខាងជើង ក្នុងអំឡុងពេលបញ្ឈប់ចរាចរណ៍ កាលពីចុងខែមិថុនាបានបង្កឱ្យមាន រលកនៃការតវ៉ាដោយហិង្សា ដែលបានធ្វើឱ្យការិយាល័យអភិបាលក្រុង រាប់រយនៅទូទាំងប្រទេសរងការខូចខាត ហើយរថយន្តសាធារណៈ និងឯកជនរាប់ពាន់គ្រឿងត្រូវបានដុតបំផ្លាញ ៕
ប្រែសម្រួលៈ ណៃ តុលា