គៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ខ្លួននឹងពិចារណាលើនាវាទាំងអស់ ដែលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងតំបន់គ្រប់គ្រងដោយរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅថា ជានាវាផ្ទុកទំនិញយោធា ដែលមានសក្តានុពល។
ក្រសួងបានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើបណ្ដាញ Telegram ថា “នាវាទាំងអស់ដែលធ្វើដំណើរក្នុងដែនទឹកនៃសមុទ្រខ្មៅ ក្នុងទិសដៅនៃកំពង់ផែសមុទ្រ នៃសហព័ន្ធរុស្ស៊ី និងកំពង់ផែសមុទ្រ អ៊ុយក្រែន ដែលមានទីតាំងនៅលើទឹកដី នៃអ៊ុយក្រែន ដែលកាន់កាប់ជាបណ្តោះអាសន្នដោយរុស្ស៊ី អាចត្រូវបានចាត់ទុកដោយអ៊ុយក្រែន ថា ជាអ្នកដឹកទំនិញយោធា ជាមួយនឹងហានិភ័យដែលពាក់ព័ន្ធទាំងអស់” ។
ច្បាប់ថ្មីនេះនឹងចូលជាធរមានចាប់ពីពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុកនៅថ្ងៃទី២១ ខែកក្កដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ខ្លួននឹងពិចារណាកប៉ាល់ ដែលកំណត់គោលដៅ សម្រាប់កំពង់ផែអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅជានាវាផ្ទុកទំនិញយោធា៕ ប្រែសម្រួល ឈូក បូរ៉ា