បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន ដែលមិនបញ្ចេញឈ្មោះដែលដឹងអំពីបញ្ហានេះថា ទីក្រុងគៀវ បានចាប់ផ្តើមប្រើគ្រាប់កាំភ្លើងធំចង្កោមផលិតដោយសហរដ្ឋអាមេរិកហើយ ជាពិសេស គ្រាប់បែកដែលផ្តល់ដោយសហរដ្ឋអាមេរិកកំពុងត្រូវបានប្រើប្រាស់នៅក្នុង “ការជំរុញដើម្បីបំបែក” ខ្សែការពាររបស់ទីក្រុងមូស្គូ ចំពេលមានកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការវាយលុកដែលជាប់គាំងរបស់ទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្មីៗនេះ សហរដ្ឋអាមេរិកបានជ្រើសរើសផ្តល់គ្រាប់បែកចង្កោមដ៏ចម្រូងចម្រាសដល់អ៊ុយក្រែន ទោះបីជាប្រភេទគ្រាប់បែកនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង ១០០ និងការប្រឆាំងយ៉ាងទូលំទូលាយពីក្រុមសិទ្ធិមនុស្សក៏ដោយ។
ប្រធានាធិបតីអាមេរិក លោក Joe Biden បានពណ៌នាចំណាត់ការនេះថា ជាវិធានបណ្តោះអាសន្ន ដោយអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តកំពុងដំណើរការខ្លីលើអាវុធធម្មតានៃសមត្ថភាពស្តង់ដាររបស់អង្គការណាតូ ដើម្បីគាំទ្រទីក្រុងគៀវក្នុងជម្លោះដែលកំពុងបន្តជាមួយទីក្រុងម៉ូស្គូ។
ទោះជាយ៉ាងនេះក្តី ចំណាត់ការនេះបានបង្ហាញពីភាពចម្រូងចម្រាស សូម្បីតែសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងប្រទេសជាច្រើន រួមទាំងចក្រភពអង់គ្លេស កាណាដា និងអេស្បាញ បានរិះគន់ការសម្រេចចិត្តលើការផ្តល់គ្រាប់បែកចង្កោមនេះ។ អង្គការសហប្រជាជាតិ ក៏បានជំទាស់នឹងចំណាត់ការនេះផងដែរ ដោយសម្តែងក្តីបារម្ភអំពីសក្តានុពល នៃការប្រើប្រាស់បទប្បញ្ញត្តិបែបនេះលើជនស៊ីវិល៕ ប្រែសម្រួលៈ ណៃ តុលា