ព័ត៌មានអន្តរជាតិ

Update: ឃាតកម្មលើអ្នកជំនួញអាល្លឺម៉ង់ កាត់ជាកង់ៗញាត់ចូលធុងទឹកកក, ប៉ូលីសថៃ ឈានទៅបង្ក្រាបក្រុមអ្នកជិះម៉ូតូ Outlaws

បរទេស៖ ប៉ូលីសថៃបានចាប់ខ្លួនជនសង្ស័យជាជនបរទេសចំនួន៤នាក់ រួមទាំងប្រធានក្លឹបម៉ូតូ Outlaws នៅប៉ាតាយ៉ា ក្នុងការឆ្មក់ចូលពាក់ព័ន្ធនឹងឃាតកម្មទៅលើសមាជិកក្លឹបមួយរូបគឺលោក Hans Peter Walter Mack ដែលជាឈ្មួញកណ្តាលអចលនទ្រព្យអាល្លឺម៉ង់នៅស្រុក Nong Prue ដែលត្រូវបានគេសម្លាប់ដោយកាត់ជាកង់ៗញាត់ចូលធុងទឹកកក។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គស្នងការរងនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ Surachate Hakparn បាននិយាយថា នគរបាលខេត្តភូមិភាគ២ និងនគរបាលខេត្តចាន់បុរី បានពង្រីកការស៊ើបអង្កេតលើក្រុមអ្នកជិះម៉ូតូ ហើយបានរកឃើញថា មានសមាជិកជាច្រើនសញ្ជាតិ។

លោក​បាន​ចោទ​ប្រកាន់​ថា សមាជិកក្នុងក្រុមម៉ូតូនេះ​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​អាជីវកម្ម​ខុស​ច្បាប់​មួយ​ចំនួន រួម​ទាំង​គ្រឿង​ញៀន និង​ការ​ជួញ​ដូរ​មនុស្ស។

ការបង្ក្រាបនេះផ្តើមចេញពីការស៊ើបអង្កេតលើឃាតកម្មរបស់លោក Mack កាលពីថ្ងៃទី ៤ ខែមិថុនា ដែលក្នុងនោះប៉ូលីស ក្រោយមកគឺបានចាប់ខ្លួនជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ Olaf Thorsten Brinkmann អាយុ ៥២ ឆ្នាំជាសមាជិកនៃក្លឹបម៉ូតូ Outlaws និងជនសង្ស័យបីនាក់ផ្សេងទៀត ។

ដោយធ្វើសកម្មភាពលើព័ត៌មានតម្រុយនេះ ប៉ូលីសបានបើកការបង្រ្កាបទីតាំងចំនួន៨កាលពីថ្ងៃសុក្រ ដើម្បីចាប់ខ្លួនមេដឹកនាំក្រុមម៉ូតូគឺលោក Thomas ជាជនជាតិអូទ្រីស៕

ប្រែសម្រួលៈ ណៃ តុលា

To Top