ព័ត៌មានអន្តរជាតិ

ថៃ៖ គណបក្សចំនួន៤ ប្រកាសជំហរមិនចូលរួម ជាមួយក្រុមចម្រុះដឹកនាំ ដោយបក្ស ភឿថៃ បើសិនមានគណបក្សលោក Pita

បរទេស៖ គណបក្សនយោបាយចំនួនបួន នៅក្នុងប្រទេសថៃបានប្រកាសថា នឹងមិនចូលរួមជាមួយក្រុមចម្រុះដែលដឹកនាំដោយភឿថៃនោះទេ ដរាបណាគណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward (MFP) នៅតែមាននៅក្នុងក្រុមនេះ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្ស Bhumjaithai, គណបក្សUnited Thai Nation, គណបក្ស Palang Pracharath (PPRP) និង គណបក្ស Chartthaipattana បានបង្ហាញជំហររបស់ពួកគេយ៉ាងច្បាស់បន្ទាប់ពីគណបក្សភឿថៃបាននាំមុខក្នុងការបង្កើតក្រុមចម្រុះ។

មេដឹកនាំ គណបក្ស Bhumjaithai លោក Anutin Charnvirakul បាននិយាយថា គណបក្សរបស់លោកមានជំហររឹងមាំប្រឆាំងនឹងការប៉ុនប៉ងធ្វើវិសោធនកម្មមាត្រា ១១២ ដែលជាច្បាប់ប្រមាថព្រះមហាក្សត្រ ហើយថា ខ្លួននឹងមិនដំណើរការជាមួយគណបក្សនយោបាយដែលតស៊ូមតិលើការផ្លាស់ប្តូរច្បាប់នេះ នោះទេ។

លោកបាននិយាយថា គណបក្សរបស់លោកមិនទាន់ត្រូវបានកោះហៅដោយគណបក្សភឿថៃឱ្យចូលរួមជាមួយសម្ព័ន្ធនៅឡើយទេ ដូច្នេះគេមិនដឹងពីផែនការរបស់ភឿថៃទេ ដោយលោកបានបន្ថែមថា ខ្លួននឹងមិនចូលរួមជាមួយទេ ប្រសិនបើគណបក្សចលនាឆ្ពោះទៅមុខ នៅតែស្ថិតក្នុងសម្ព័ន្ធភាពនេះ។

លោកថា “គណបក្ស ចលនាឆ្ពោះទៅមុខ គឺជាគណបក្សតែមួយគត់ដែលស្វែងរកវិសោធនកម្មច្បាប់ ហើយហាក់ដូចជាមិនមានការថយក្រោយ។ គណបក្សដែលមានទម្ងន់ធ្ងន់ ចលនារីកចម្រើន និងអ្នកគាំទ្ររបស់ពួកគេមានការប្តេជ្ញាចិត្តក្នុងការជំរុញគោលនយោបាយនេះ បើទោះបីជាមានការជំទាស់ ទោះបីជាវាបណ្តាលឱ្យមានការបែកបាក់ក៏ដោយ”។

មេដឹកនាំគណបក្ស UTN លោក Pirapan Salirathavibhaga បានសរសេរនៅលើ Facebook របស់លោកថា គណបក្សរបស់លោកនឹងមិនចូលរួមជាមួយក្រុមចម្រុះ ឬបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីក្នុងក្រុមចម្រុះ ប្រសិនបើគណបក្សចលនាឆ្ពោះទៅមុខនៅតែស្ថិតក្នុងចម្រុះនោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top