បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃសុក្រម្សិលមិញនេះ បានលើកឡើងថាលោកខាងលិចកំពុងមានភាពខកចិត្តយ៉ាងខ្លាង ចំពោះលទ្ធផលដែលជាប្រតិបត្តិការ វាយបករបស់ទីក្រុងគៀវ មកលើប្រទេសរុស្សី ហើយជាក់ស្តែងវាបានត្រឹមធ្វើឲ្យភាគខាងអ៊ុយក្រែន បានបន្តបាត់បង់និងខាតបង់យ៉ាងច្រើនទៅវិញ។
យោងតាមការចេញផ្សាយរបស់ RT កន្លងមករដ្ឋាភិបាលទីក្រុងគៀវ បានទទួលនូវអាវុធយុទ្ធភណ្ឌដ៏សំបូរបែបគ្រប់ប្រភេទ ពីលោកខាងលិចក្នុងប្រតិបត្តិការ វាយបកលើប្រទេសរុស្សី ប៉ុន្តែជាលទ្ធផលមិនមានអ្វីដែលគួរឲ្យរីករាយឡើយ ចំពោះអ៊ុយក្រែនផ្ទាល់និងក្រុមអ្នកគាំទ្ររបស់ខ្លួនក្នុងយុទ្ធនាការនេះ។
មេដឹកនាំកំពូលរបស់រុស្សីរូបនេះ ក៏បានកោតសរសើរចំពោះភាពក្លាហាន ការតាំងចិត្ត និងវិជ្ជាជីវៈរបស់ទាហាន និងនាយទាហានរបស់ប្រទេសរុស្ស៊ីផងដែរ។ លោកក៏បានលើកឡើងដែរថា បរិក្ខារយោធាលោកខាងលិចខ្លះ អាចបង្ហាញឱ្យឃើញថា មានលក្ខណៈអន់ជាង សូម្បីតែអាវុធសម័យសូវៀតក្តី។
លោកPutinបានបន្ថែមថា បណ្តាប្រទេសលោកខាងលិចអាចនឹងផ្គត់ផ្គង់សព្វាវុធកាន់តែច្រើនដល់អ៊ុយក្រែន ដែលបណ្តាលឱ្យមានការខូចខាតកាន់តែច្រើនដល់រុស្ស៊ី និងអូសបន្លាយជម្លោះ ប៉ុន្តែជាក់ស្តែងឃ្លាំងអាវុធរបស់អង្គការណាតូ និងឃ្លាំងអាវុធសូវៀតចាស់ៗនៅក្នុងរដ្ឋមួយចំនួនត្រូវបានបាត់បង់ក្នុងកម្រិតជាក់លាក់មួយដូចគ្នា៕ ប្រែសម្រួល៖ស៊ុនលី