បរទេស៖ មេដឹកនាំគណបក្ស ចលនាឆ្ពោះទៅមុខ ឬ Move Forward លោក Pita Limjaroenrat បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើ Facebook កាលពីថ្ងៃសុក្រថា ការបង្កើតរដ្ឋាភិបាលថ្មី ដែលបញ្ចប់ការក្តោបក្តាប់របស់យោធាលើនយោបាយ គឺមានសារៈសំខាន់ ជាងការក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ របស់ប្រទេសថៃទៅទៀត។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Pita បានថ្លែងដូច្នេះបន្ទាប់ពីគណបក្សរបស់លោកដើរចេញ ដើម្បីឱ្យដៃគូចម្រុះធំបំផុតរបស់ខ្លួន គឺគណបក្សភឿថៃ អាចដឹកនាំការបង្កើតរដ្ឋាភិបាលបន្ទាប់។
លោកនិយាយដោយសំដៅ ទៅលើច្បាប់ប្រមាថព្រះមហាក្សត្រថា “វាច្បាស់ណាស់ថាគ្រប់សារពាង្គកាយទាំងអស់ នៃភាគីអភិរក្សនឹងមិនអនុញ្ញាតឱ្យយើងដឹកនាំ រដ្ឋាភិបាលថ្មីនោះទេ។ ពួកគេប្រើបញ្ហានៃវិសោធនកម្មមាត្រា ១១២ ជាលេស” ។
លោកបន្តថា “ទោះជាយ៉ាងនេះក្តី ការដែលខ្ញុំមិនអាចក្លាយជានាយករដ្ឋមន្ត្រី មានន័យថាក្តីសង្ឃឹមរបស់យើងក្នុងការផ្លាស់ប្តូរប្រទេសនឹងត្រូវបញ្ចប់។ បេសកកម្មសំខាន់បំផុត គឺមិនមែនខ្ញុំទទួលបានតំណែងនាយករដ្ឋមន្ត្រីទេ ប៉ុន្តែដើម្បីបង្កើតរដ្ឋាភិបាលថ្មីដែលបញ្ឈប់ ការបន្តអំណាចពីអតីតរដ្ឋាភិបាល»។
លោក Pita បន្ថែមថា “វាមិនសំខាន់ទេថាតើខ្ញុំក្លាយជានាយករដ្ឋមន្ត្រីថ្មី ឬថាតើ Move Forward ដឹកនាំរដ្ឋាភិបាលចម្រុះ។ អ្វីដែលសំខាន់បំផុតនោះគឺថា សន្លឹកឆ្នោតចំនួន ២៧ លានសន្លឹកដែល Move Forward ទទួលបានក្នុងការបោះឆ្នោតសកល ត្រូវតែមានន័យអ្វីមួយ»៕ ប្រែសម្រួលៈ ណៃ តុលា