បរទេស៖ ការរុះរើទៅលើផ្នែកយោធាប្រចាំឆ្នាំ អាចនឹងត្រូវរង់ចាំ ខណៈដែលគណបក្សនយោបាយ កំពុងដំណើរការបង្កើតរដ្ឋាភិបាលថ្មី, នេះបើយោងតាមនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានលើកឡើង។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ កាលពីថ្ងៃសុក្រ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយថា លោកមិនដឹងថាតើការរុះរើប្រចាំឆ្នាំនឹងកើតមានពេលណាទេ។
ឧត្តមសេនីយ៍ប្រាយុទ្ធ ដែលជាធម្មតាបដិសេធមិនធ្វើអត្ថាធិប្បាយ លើបញ្ហានយោបាយបន្ទាប់ពីការចាញ់ ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះបាននិយាយថា គណបក្សនយោបាយកំពុងស្ថិតក្នុង ដំណើរការបង្កើតរដ្ឋាភិបាលចម្រុះ ហើយការរុះរើប្រចាំឆ្នាំប្រហែលជាត្រូវរង់ចាំ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពស្និទ្ធនឹងក្រុមប្រឹក្សាការពារជាតិ បាននិយាយថា ឧត្តមសេនីយ៍ ប្រាយុទ្ធ ក្នុងជំនួបនោះ បានអំពាវនាវឱ្យមេដឹកនាំយោធា បន្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយមិនគិតពីអ្នកណាជាអ្នកកាន់តួនាទីនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ។
បន្ទាប់ពីកិច្ចប្រជុំនេះ គេឃើញមេដឹកនាំកងកម្លាំងប្រដាប់អាវុធបានដើរជាមួយលោកឧត្តមសេនីយ៍ ប្រយុទ្ធ ទៅកាន់ការិយាល័យរបស់លោក ហើយបាននិយាយខ្លីៗ។ មានសេចក្តីរាយការណ៍ថា ឧត្តមសេនីយ៍ ប្រាយុទ្ធ បានប្រាប់មេដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងនោះ ឱ្យបញ្ចប់ផែនការសម្រាប់ការរុះរើប្រចាំឆ្នាំនៅដើមខែក្រោយ។
លោក Chitanat Punnothok អ្នកនាំពាក្យរងក្រសួងការពារជាតិបាននិយាយថា ឧត្តមសេនីយ៍ ប្រាយុទ្ធ បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធបង្កើនសន្តិសុខនៅឃ្លាំងអាវុធ និងត្រួតពិនិត្យឃ្លាំងស្តុកទុកជាប្រចាំ។ លោកបន្តថា មន្ត្រីដែលធ្វេសប្រហែសនឹងប្រឈមមុខនឹងច្បាប់ និងវិន័យ៕ ប្រែសម្រួលៈ ណៃ តុលា