ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រើយន្តហោះគ្មាន មនុស្សបើក វាយប្រហារ ដល់កណ្តាល ទីក្រុងមូស្គូ របស់រុស្ស៊ី

ប្រភព ៖ AFP
" "

បរទេស ៖ អភិបាលក្រុងមូស្គូ ប្រទេសរុស្ស៊ី លោក Sergey Sobyanin បាននិយាយថា មិនមានការខូចខាតអ្វីធំដុំទេ បន្ទាប់ពីមានការប៉ុនប៉ង វាយប្រហារដោយយន្តហោះគ្មាន មនុស្សបើក របស់អ៊ុយក្រែន នៅម៉ោងប្រហែល ៤ ព្រឹកថ្ងៃច័ន្ទ ។ យន្តហោះគ្មានមនុស្ស បើកបានបុកចូលទៅក្នុងអគារ ដែលមិនមែនជាលំនៅដ្ឋាន បន្ទាប់ពីយោធាបានបង្ក្រាប យន្តហោះគ្មានមនុស្សបើកទាំងនោះ ដោយប្រើមធ្យោបាយ សង្គ្រាមអេឡិចត្រូនិច។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លី មួយថា ខ្លួនបាន រារាំង “ការប៉ុនប៉ង របស់របបទីក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារ ភេរវកម្មដោយប្រើ យន្តហោះគ្មានមនុស្សបើកចំនួនពីរ” នៅព្រឹកថ្ងៃចន្ទ។

" "

ប្រភពមួយនៅក្នុងសេវាសង្គ្រោះបន្ទាន់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា បំណែកយន្តហោះគ្មានមនុស្ស បើកជាច្រើនត្រូវបានគេរកឃើញនៅប្រជុំជន Komsomolsky Prospekt នៅកណ្តាលទីក្រុងម៉ូស្គូ ដែលមិនឆ្ងាយពីទីស្នាក់ការធំ របស់ក្រសួងការពារជាតិ ។ នាយកដ្ឋានដឹកជញ្ជូនបាននិយាយថា ចរាចរណ៍នៅតំបន់នេះ ត្រូវបានរឹតបន្តឹងមួយផ្នែក ដោយណែនាំឲ្យប្រជាពលរដ្ឋរកផ្លូវវាង ។

" "

ខណៈដែលយន្តហោះគ្មាន មនុស្សបើកខ្លួនឯងបានបុកអគារដែលមិនមែនជាលំនៅដ្ឋាន បង្អួចជាច្រើននៅក្នុងអគារលំនៅដ្ឋាន នៅក្នុងតំបន់នោះ ត្រូវបានគេរាយការណ៍ថាបានបំផ្ទុះ។ មិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬរបួសនោះទេ ប៉ុន្តែសេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងកើតហេតុ ដោយមានវីដេអូបង្ហាញពីរថយន្តប៉ូលីស និងរថយន្តសង្គ្រោះជាច្រើន។

យន្តហោះគ្មានមនុស្សបើកទីពីរ ទំនងជាបានបុកអគារកម្ពស់ខ្ពស់មួយ នៅភាគខាងត្បូងទីក្រុងមូស្គូ ដែលជាកន្លែងការិយាល័យរបស់ ក្រុមហ៊ុនកែលម្អគេហដ្ឋានដ៏ធំរបស់បារាំង Leroy Merlin ៕
ប្រែសម្រួលៈ ណៃ តុលា

To Top