ព័ត៌មានអន្តរជាតិ

ថៃ៖ គណបក្សរបស់លោក Pita នៅតែមានសង្ឃឹមថា ទទួលបានការគាំទ្រពី សមាជិកព្រឹទ្ធសភានិយមខាងយោធា

រូបភាពពី៖​ XINHUA

បរទេស៖ អ្នកឈ្នះការបោះឆ្នោតគឺគណបក្ស ចលនាឆ្ពោះទៅមុខ ឬ Move Forward នៅតែសង្ឃឹមថា ពួកគេអាចតែងតាំងមេដឹកនាំគណបក្សលោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រី ហើយសមាជិកព្រឹទ្ធសភានឹងផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់គាត់។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គលេខាធិការបក្សលោក Chaithawat Tulanon បាននិយាយនៅថ្ងៃចន្ទថា គណបក្សបានដាក់ញត្តិទៅតុលាការធម្មនុញ្ញ ថាតើលោក Pita អាចនឹងត្រូវបានតែងតាំងនៅក្នុងសភាសម្រាប់តំណែងនាយករដ្ឋមន្ត្រីនៅប្រមុខរដ្ឋាភិបាលចម្រុះដែរឬទេ។

លោកសង្ឃឹមថា ការតែងតាំងនេះនឹងត្រូវបានអនុញ្ញាត ហើយនឹងមានការគាំទ្រគ្រប់គ្រាន់ពីសមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយយោធា។

លោក Pita ត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីតែមួយគត់នៅក្នុងការអង្គប្រជុំរួម នៃសភាតំណាងរាស្រ្ត ៥០០ រូប និងសមាជិកព្រឹទ្ធសភាបច្ចុប្បន្នចំនួន ២៤៩រូប កាលពីថ្ងៃទី ១៣ ខែកក្កដា ប៉ុន្តែលោកបានបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើន។ សម្ព័ន្ធភាពប្រាំបីគណបក្សរបស់លោក Pita ប្រមូលបានតែ ៣២៤សំឡេង ប៉ុណ្ណោះ ពោលគឺតិចជាង ៣៧៥សំឡេង ដែលលោកត្រូវការ។

បន្ទាប់មកសភាបានបោះឆ្នោតនៅថ្ងៃទី ១៩ ខែកក្កដា ដោយបដិសេធការតែងតាំងរបស់គាត់ជាថ្មី។ ក្រុមអ្នកប្រឆាំងបានអះអាងថា សំណើដែលបរាជ័យមិនអាចត្រូវបានដាក់ឡើងវិញក្នុងសម័យប្រជុំសភាដដែល ហើយថា នេះក៏អនុវត្តចំពោះការតែងតាំងលោក Pita ជានាយករដ្ឋមន្ត្រីផងដែរ។

បន្ទាប់ពីការបដិសេធ គណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលបានឈ្នះអាសនៈសភាចំនួន ១៥១ កាលពីបោះឆ្នោតថ្ងៃទី១៤ឧសភា បានយល់ព្រមអនុញ្ញាតឱ្យគណបក្សភឿថៃ ដែលជាសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់ខ្លួនដែលមានសមាជិកសភាចំនួន ១៤១ នាក់ ដើម្បីដឹកនាំ និងឱ្យបក្សនេះតែងតាំងបេក្ខជនជានាយករដ្ឋមន្ត្រី។ នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​នៅ​ក្នុង​កិច្ច​ប្រជុំ​រួម​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍៕ ប្រែសម្រួលៈ ណៃ តុលា

To Top